អាមេរិកស្នើផែនការថ្មី ដើម្បីបន្ថយភាពតានតឹងអ៉ីស្រាអែល-លីបង់ ចំពោះមុខការប្រយុទ្ធគ្នាដែលនៅតែបន្តខ្លាំង ទោះមានបទឈប់បាញ់ (Video inside)

01-06-2026 13:48

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ មន្រ្តីអាមេរិកបានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេស លោក Marco Rubio បានសន្ទនាជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun និងនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ស្តីពីកិច្ចចរចាការទូតរវាងអ៉ីស្រាអែលនិងលីបង់ ហើយបានស្នើឡើងនូវផែនការថ្មីមួយ ដើម្បីអនុញ្ញាតឱ្យភាពតានតឹង​អាចថយចុះវិញដោយសន្សឹមៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងផែនការខាងលើ អាមេរិកបានស្នើថា ជាជំហានដំបូងបំផុត ក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់ ចាំបាច់ត្រូវបញ្ឈប់ការវាយប្រហារទាំងអស់លើអ៉ីស្រាអែល ហើយជាថ្នូរមកវិញ អ៉ីស្រាអែលនឹងបញ្ឈប់ការបង្កើនកម្តៅនៅទីក្រុងបេរូត។ ប្រការនេះនឹងបង្កើតឱកាស សម្រាប់ការបន្ធូរបន្ថយភាពតានតឹងដោយសន្សឹមៗ និងការផ្អាកអរិភាពដោយប្រសិទ្ធភាព។ ប្រភពមន្រ្តីអាមេរិកបានបន្ថែមថា លោក Aoun បានព្យាយាមជំរុញសំណើនោះ ហើយសម្រេចឱ្យបានកិច្ចព្រមព្រៀង ប៉ុន្តែប្រធានសភាលីបង់ បានដាក់បន្ទុកឱ្យអ៉ីស្រាអែល ត្រូវជាអ្នកបញ្ឈប់ការវាយប្រហាររបស់ខ្លួនមុន។

គួរបញ្ជាក់ថា លោក Netanyahu កាលពីថ្ងៃអាទិត្យ បានប្រកាសពីការចេញបញ្ជាឱ្យកងទ័ពអ៉ីស្រាអែល វាយលុកកាន់តែជ្រៅនៅប្រទេសលីបង់ ក្នុងសង្រ្គាមប្រឆាំងក្រុមហេសបូឡា បើទោះបីជាមានបទឈប់បាញ់ ដែលត្រូវបានប្រកាសកាលពីជាង ៦សប្តាហ៍មុនក៏ដោយ៕