មន្ត្រីជាន់ខ្ពស់យោធាអ៊ីរ៉ង់អះអាងថា សង្គ្រាមជាមួយអាមេរិក «ជៀសមិនរួចឡើយ» ខណៈការចរចាជួបភាពជាប់គាំង

02-06-2026 20:39

(តេហេរ៉ង់)៖ មន្ត្រីជាន់ខ្ពស់យោធាអ៊ីរ៉ង់នៅថ្ងៃអង្គារ បានអះអាងថា ការបន្តសង្គ្រាមជាមួយសហរដ្ឋអាមេរិកគឺជារឿងដែលជៀសមិនរួចនោះទេ ខណៈដែលកិច្ចចរចារវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន កំពុងជួបភាពជាប់គាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Arab News។

លោក ម៉ូហាំម៉ាត់ ចាហ្វា អាសាឌី (Mohammad Jafar Assadi) អនុប្រធានទីបញ្ជាការយោធាកណ្តាល Khatam Al-Anbiya របស់អ៊ីរ៉ង់ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា «សហរដ្ឋអាមេរិកទាមទារឱ្យយើងចុះចាញ់ទាំងស្រុង ប៉ុន្តែប្រជាជាតិអ៊ីរ៉ង់នឹងមិនចុះចាញ់ជាដាច់ខាត។ បើមិនព្រមចុះចាញ់ សង្គ្រាមគឺជាជម្រើសដែលជៀសមិនរួច»។ ប្រភពពីអ៊ីរ៉ង់បានឱ្យដឹងថា ទីក្រុងតេហេរ៉ង់កំពុងពិនិត្យមើលសំណើកិច្ចព្រមព្រៀងចុងក្រោយរបស់អាមេរិកយ៉ាងប្រុងប្រយ័ត្ន ដោយសារតែប្រវត្តិមិនគោរពកិច្ចសន្យារបស់អាមេរិកកន្លងមក ហើយអ៊ីរ៉ង់ចង់បានអត្ថប្រយោជន៍ជាក់ស្តែងពិតប្រាកដ។

ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានសម្តែងក្តីសង្ឃឹមថាកិច្ចព្រមព្រៀងពន្យារបទឈប់បាញ់ និងការបើកច្រកសមុទ្រហ័រមូស នឹងលេចចេញជារូបរាងឡើងក្នុងសប្តាហ៍ក្រោយ។ លោកបានច្រានចោលព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ ដែលរាយការណ៍ថាអ៊ីរ៉ង់បានផ្អាកការចរចា ដោយសារការរុលចូលកាន់តែជ្រៅរបស់កងទ័ពអ៊ីស្រាអែលនៅលីបង់៕