យោធាអាមេរិក បាញ់មីស៊ីល Hellfire លើកប៉ាល់ដឹកប្រេងធ្វើដំណើរឆ្ពោះទៅអ៉ីរ៉ង់ (Video inside)

03-06-2026 08:38

(Reuters)៖ យោធាអាមេរិកបានបាញ់មីស៊ីល Hellfire មួយគ្រាប់ លើកប៉ាល់ដឹកប្រេងមួយគ្រឿងដែលធ្វើដំណើរឆ្ពោះទៅកាន់អ៉ីរ៉ង់ កាលពីថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ជាផ្នែកមួយនៃការអនុវត្តការបិទខ្ទប់តាមបញ្ជារបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកំពុងដាក់សម្ពាធឱ្យទីក្រុងតេហេរ៉ង់ចរចាលើកិច្ចព្រមព្រៀងសន្តិភាពតាមលក្ខខណ្ឌរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បានបង្ហោះវីដេអូមួយដោយបង្ហាញពីការវាយប្រហារមីស៊ីលលើកប៉ាល់ដឹកប្រេងមួយគ្រឿង និងបាននិយាយថាខ្លួនបានកំណត់គោលដៅលើបន្ទប់ម៉ាស៊ីន នៃកប៉ាល់ដឹកប្រេងដោតទង់ជាតិ Botswana មានឈ្មោះថា M/T Lexie ដើម្បីបញ្ឈប់កប៉ាល់នោះ។ តាមទីបញ្ជាការកណ្ដាលអាមេរិក ឬហៅកាត់ថា CENTCOM ក្រុមនាវិកនៅលើកប៉ាល់ខាងលើមិនបានស្ដាប់តាមការព្រមានម្ដងហើយម្ដងទៀត និងមិនបានអនុវត្តតាមការណែនាំពីកងកម្លាំងអាមេរិកជាច្រើនលើកក្នុងរយៈពេល ២៤ម៉ោង។ ដូច្នេះហើយយន្ដហោះយោធាអាមេរិក មួយគ្រឿងបានសម្រេចចិត្តបញ្ឈប់កប៉ាល់នោះ ដោយបាញ់មីស៊ីល Hellfire លើបន្ទប់ម៉ាស៊ីននៃកប៉ាល់ ដើម្បីទប់ស្កាត់កុំឱ្យកប៉ាល់ដឹកប្រេងធ្វើដំណើរទៅដល់អ៉ីរ៉ង់។

M/T Lexie គឺជាកប៉ាល់ទី៦ ដែលយោធាអាមេរិកបានស្ទាក់ចាប់ ចាប់តាំងពីបានចាប់ផ្ដើមអនុវត្តការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់តាមបញ្ជារបស់លោក ត្រាំ កាលពីថ្ងៃទី១៣ ខែមេសាមក។ យោធាអាមេរិកបានអះអាងថាខ្លួនក៏បានបង្វែរទិសដៅកប៉ាល់ ១២២គ្រឿងដែលមានបំណងធ្វើដំណើរចេញចូលកំពង់ផែអ៉ីរ៉ង់ផងដែរមកទល់នឹងពេលនេះ៕