អ៉ីរ៉ង់ វាយប្រហារលើទីស្នាក់ការកងទ័ពជើងទឹកទី៥ និងមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក (Video inside)
03-06-2026 08:52
(Reuters)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) បានវាយប្រហារលើទីស្នាក់ការកងទ័ពជើងទឹកអាមេរិកទី៥ ព្រមទាំងមូលដ្ឋានទ័ពអាកាសមួយ និងឧទ្ធម្ភាគចក្រនៅក្នុងប្រទេសមួយក្នុងតំបន់ ដោយប្រើប្រាស់មីស៊ីល និងដ្រូន ជាការសងសឹកទៅនឹងអ្វីដែល IRGC អះអាងថាជាការវាយប្រហារមួយរបស់សហរដ្ឋអាមេរិកលើអង់តែនទំនាក់ទំនងមួយនៅលើកោះ Qeshm នៃភាគខាងត្បូង ប្រទេសអ៉ីរ៉ង់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ នៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ បានរាយការណ៍ថា IRGC ក៏បានវាយប្រហារលើកប៉ាល់មួយគ្រឿងមានឈ្មោះថា Panaya ផងដែរ ជាមួយមីស៊ីលជាការឆ្លើយតប ទៅនឹងអ្វីដែលខ្លួននិយាយថាជាការវាយប្រហារមួយរបស់សហរដ្ឋអាមេរិកលើកប៉ាល់ដឹកប្រេងអ៉ីរ៉ង់មួយគ្រឿងនៅក្បែរច្រកសមុទ្រ Hormuz ដែលបានបង្កការខូចខាតដល់បន្ទប់ម៉ាស៊ីនកប៉ាល់។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRGC បានព្រមានថាការរំខានដល់សន្តិសុខក្នុងតំបន់ច្រកសមុទ្រ Hormuz នឹងធ្វើឱ្យយោធាអាមេរិកតបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសម។ ទីស្នាក់ការកងទ័ពជើងទឹកអាមេរិកទី៥ មានមូលដ្ឋានក្នុងប្រទេសបារ៉ែន៕




