អូស្ត្រាលី និងសូឡូម៉ុន យល់ព្រមចរចាលើសន្ធិសញ្ញាគ្រប់ជ្រុងជ្រោយថ្មីមួយ (Video inside)

03-06-2026 09:30

(កង់បេរ៉ា)៖ អូស្ត្រាលី និងសូឡូម៉ុន បានព្រមព្រៀងគ្នាដើម្បីចរចាលើសន្ធិសញ្ញាគ្រប់ជ្រុងជ្រោយ ហើយនេះជាជោគជ័យមួយសម្រាប់អូស្ត្រាលីដែលកំពុងប្រជែងឥទ្ធិពលជាមួយចិន នៅក្នុងចំណោមបណ្ដាប្រទេសដែនកោះប៉ាស៊ីហ្វិក។ នេះបើតាមការប្រកាសរបស់មេដឹកនាំនៃប្រទេសទាំង២ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦។

ការប្រកាសខាងលើត្រូវបានធ្វើឡើងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកង់បេរ៉ា របស់លោក Matthew ​Wale ដែលទើបតែជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសសូឡូម៉ុន កាលពីខែឧសភាកន្លងទៅ និងបានជ្រើសរើសអូស្ត្រាលីជាគោលដៅនៃដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងបំផុតរបស់លោក។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន​ ក្នុងសន្នសីទសារព័ត៌មានរួមគ្នាជាមួយលោក Wale នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ យើងបាន ប្ដេជ្ញាចិត្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់យើងតបតាមសំណើរបស់ដែនកោះសូឡូម៉ុន ហើយនេះនឹងត្រូវបានព្រមព្រៀងគ្នាក្នុងសន្ធិសញ្ញាគ្រប់ជ្រុងជ្រោយថ្មីមួយ»។ ចំណែក លោក Wale ក៏បានលើកឡើងដែរថាដែនកោះសូឡូម៉ុន គឺជាមិត្តរបស់អូស្ត្រាលី ទាំងកាលពីអតីតកាល និងទៅថ្ងៃអនាគត។

គួរបញ្ជាក់ថា ដែនកោះសូឡូម៉ុនមានទីតាំងស្ថិតនៅម្ងាយប្រហែល ១៦០០គីឡូម៉ែត្រ ពីភាគឦសាននៃប្រទេសអូស្ត្រាលី។ ដូច្នេះហើយទើប អូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំងលើសូឡូម៉ុន ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រឈមមុខនឹងការកើនឡើងឥទ្ធិពលចិន៕