ប្រមុខការទូតអាមេរិក៖ ការលក់អាវុធចុងក្រោយបំផុតទៅឱ្យតៃវ៉ាន់ កំពុងស្ថិតក្រោមការត្រួតពិនិត្យ (Video inside)

03-06-2026 10:03

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយនៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ថាការលក់អាវុធដ៏សម្បើមមួយទៅឱ្យកោះតៃវ៉ាន់ដែលចិនជំទាស់យ៉ាងខ្លាំងកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ ជាមួយការគូសបញ្ជាក់ឡើងវិញថាគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ការអត្ថាធិប្បាយបែបនេះរបស់លោក Marco Rubio ធ្វើឡើងនៅក្នុងការជជែកដេញដោលពីគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកស្ដីពីទំនាក់ទំនងការបរទេស។ លោក Rubio បានប្រាប់ គណៈកម្មាធិការនេះថាទីក្រុងវ៉ាស៊ីនតោនបានអនុម័តរួចហើយនូវការលក់អាវុធទំហំ ១១.១ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់កាលពីខែធ្នូ ឆ្នាំ២០២៥។ ដោយឡែក នៅពេលត្រូវបានសាកសួរពីការលក់ អាវុធចុងក្រោយបំផុតទំហំ ១៤ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់ លោកប្រមុខការទូតអាមេរិកបានឆ្លើយថា «យើងចង់ឃើញស្ថានភាពដើមដូចសព្វថ្ងៃត្រូវបានថែរក្សា...ហើយគោលនយោបាយរបស់យើង ចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ។

ក្រុមមន្ត្រីនៃរដ្ឋបាលលោក ត្រាំ កាលពីចុងខែឧសភាកន្លងទៅនេះ បានឱ្យដឹងថាខ្លួនបានផ្អាកការលក់អាវុធទៅឱ្យតៃវ៉ាន់ ដើម្បីធានាឱ្យបានថាសហរដ្ឋអាមេរិកមានស្ដុកអាវុធគ្រប់គ្រាន់សម្រាប់សង្រ្គាមជាមួយអ៉ីរ៉ង់។ ការលក់អាវុធឱ្យតៃវ៉ាន់ជាបញ្ហាដ៏រសើបមួយក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវបានតម្រូវឱ្យច្បាប់ ដើម្បីផ្គត់ផ្គង់អាវុធដល់តៃវ៉ាន់សម្រាប់ការការពារខ្លួន ខណៈចិនបានសន្យាថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីគ្រប់គ្រងតៃវ៉ាន់ ក្នុងករណីចាំបាច់ ជាមួយការបង្កើនដាក់សម្ពាធយោធាលើដែនកោះមួយនេះក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងទីក្រុងប៉េកាំង កាលពីខែមុន ជាទីដែល មេដឹកនាំចិនបង្ហាញការជំទាស់ទៅនឹងការលក់អាវុធឱ្យតៃវ៉ាន់ លោក ត្រាំមិនបានធ្វើការប្ដេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងលក់អាវុធចុងក្រោយបំផុតទៅឱ្យតៃវ៉ាន់នោះទេ៕