លោក ត្រាំ តែងតាំងប្រធានទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ជាតិអាមេរិកថ្មី (Video inside)
03-06-2026 10:55
(វ៉ាស៉ីនតោន)៖ ប្រធានទីភ្នាក់ងារហិរញ្ញវត្ថុទទួលបន្ទុកលំនៅដ្ឋានសហព័ន្ធ លោក Bill Pulte ដែលគេស្គាល់ថាជាអ្នករិះគន់យ៉ាងសកម្ម ទៅលើគូប្រជែងនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានតែងតាំងឱ្យធ្វើជាប្រធានស្តីទីនៃទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ជាតិ (DNI) ជំនួសលោកស្រី Tulsi Gabbard ដែលបានសុំលាលែងពីតំណែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦។
តាមការបង្ហោះសារលើបណ្តាញសង្គម លោក ត្រាំ បាននិយាយថា «គាត់ (Pulte) មានបទពិសោធន៍ជ្រាលជ្រៅ ក្នុងការគ្រប់គ្រងបញ្ហាដ៏រស៉ើបនៅអាមេរិក នោះគឺសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ»។ លោក ត្រាំ ក៏បានឱ្យដឹងផងដែរថា លោក Pulte នឹងបន្តបម្រើតួនាទីដដែលពាក់ព័ន្ធលំនៅដ្ឋាន។
DNI ដែលត្រូវដឹកនាំសហគមន៍ស៉ើបការណ៍សម្ងាត់ជាតិអាមេរិក និងបម្រើការជាទីប្រឹក្សាសំខាន់របស់ប្រធានាធិបតីលើបញ្ហាស៉ើបការណ៍សម្ងាត់ តម្រូវឱ្យមានជំនាញផ្នែកសន្តិសុខជាតិយ៉ាងទូលំទូលាយ។ ប៉ុន្តែលោក Pulte មិនធ្លាប់មានបទពិសោធន៍ផ្នែកនេះទេ៕




