អាហ្សង់ទីន ប្រកាសពីចេតនាចង់ចូលរួមក្នុងសន្ធិសញ្ញាពាណិជ្ជកម្មសេរីអន្តរប៉ាស៉ីហ្វិក (Video inside)
03-06-2026 13:34
(ប៊ុយណូស៊ែ)៖ កាលពីថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសអាហ្សង់ទីន លោក Pablo Quirno បាននិយាយថា ប្រទេសរបស់លោកមានបំណងចង់ចូលរួមក្នុង សន្ធិសញ្ញាពាណិជ្ជកម្មអន្តរប៉ាស៉ីហ្វិក ហៅថា Comprehensive and Progressive Agreement for Trans-Pacific Partnership ឬ CPTPP។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Quirno បានបន្ថែមថា អាហ្សង់ទីននឹងដាក់ពាក្យសុំចូលរួមជាផ្លូវការ នាថ្ងៃពុធនេះ។ ផែនការចូលរួមសន្ធិសញ្ញាពាណិជ្ជកម្ម CPTPP របស់អាហ្សង់ទីន គឺធ្វើឡើងបន្ទាប់ពីប្រទេសអាមេរិកឡាទីនមួយនេះ បានគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗទៀត អំឡុងពេលប៉ុន្មានខែថ្មីៗនេះ ដែលរួមមានទាំង កិច្ចព្រមព្រៀងវិនិយោគនិងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាមេរិក និងកិច្ចព្រមព្រៀង Mercosur-European Union រវាងប្លុកប្រទេសពាណិជ្ជកម្មនៃតំបន់អាមេរិកខាងត្បូង និងសហភាពអឺរ៉ុប។ លោករដ្ឋមន្រ្តីការបរទេសអាហ្សង់ទីន បានលើកឡើងដូច្នេះថា «យើងនឹងបន្តបង្កើតវឌ្ឍនភាពយ៉ាងឆាប់រហ័ស ស្តីពីកិច្ចព្រមព្រៀងទាំងនេះ»។
គួរបញ្ជាក់ថា CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងចំណោមប្រទេសសរុបចំនួន១២ នៅតំបន់អាស៉ីនិងមហាសមុទ្រប៉ាស៉ីហ្វិក។ វាត្រូវបានបង្កើតឡើងដំបូងកាលពីឆ្នាំ២០១៨ រវាងអូស្រ្តាលី ព្រុយណេ កាណាដា ស៉ីលី ជប៉ុន ម៉ាឡេស៉ី ម៉ិកស៉ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ចក្រភពអង់គ្លេស បានចូលរួមតាមក្រោយកាលពីឆ្នាំ២០២៤ ហើយចិនក៏សង្ឃឹមថា នឹងបានចូលរួមផងដែរ៕







