UN ព្រមានថា ការកាត់បន្ថយជំនួយ អាចធ្វើឱ្យវិបត្តិជនភៀសខ្លួនរ៉ូហ៉ីងយ៉ាកាន់តែអាក្រក់ នៅប្រទេសបង់ក្លាដែស (Video inside)
03-06-2026 13:36
(ដាក្កា)៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ បានព្រមានថា ការថយចុះនៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់ ដែលកំពុងស្ថិតក្នុងប្រទេសបង់ក្លាដែស រយៈពេលជិត៩ឆ្នាំ ក្រោយពួកគេរត់ចេញពីមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ស្របពេលដែលវិបត្តិសកលកើតមានឡើងច្រើនជាបន្តបន្ទាប់ ហើយម្ចាស់ជំនួយនានានាំគ្នារឹតត្បិតកញ្ចប់ថវិកា UN និងបណ្តាដៃគូរបស់ខ្លួន កំពុងកាន់តែជួបកាន់លំបាក ដើម្បីរក្សាការគាំទ្រសម្រាប់ជនជាតិភាគតិចមូស្លីមរ៉ូហ៉ីងយ៉ាជ្រកកោននៅបង់ក្លាដែស ដែលជាជនភៀសខ្លួនមានចំនួនដ៏ច្រើនបំផុតមួយរបស់ពិភពលោក។ ទីភ្នាក់ងារ UNHCR បាននិយាយថា សម្ពាធបានរីកធំថែមទៀត ជាមួយការមកដល់នៃជនភៀសខ្លួនរ៉ូហ៉ីងយ៉ា១៥០ ០០០នាក់ ចាប់តាំងពីដើមឆ្នាំ២០២៤ ដែលបានរត់គេចពីការផ្ទុះឡើងជាថ្មីនៃអំពើហិង្សានៅមីយ៉ាន់ម៉ា។
ដោយឡែក ទន្ទឹមគ្នានោះ សហរដ្ឋអាមេរិក និងក្រុមប្រទេសអឺរ៉ុបមួយចំនួន បានកាត់បន្ថយមូលនិធិសម្រាប់ជំនួយអន្តរជាតិ អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីខែឧសភា UN និងរដ្ឋាភិបាលបង់ក្លាដែស បានអំពាវនាវស្វែងរកថវិកាជា ង៧១០លានដុល្លារ សម្រាប់យកទៅប្រើប្រាស់ក្នុងការផ្តល់ស្បៀងអាហារ ទីជម្រក សេវាថែទាំសុខភាព ការអប់រំ និងការគាំពារ។ ប៉ុន្តែការអំពាវនាវនោះ ដែលទាបជាងឆ្នាំមុន២៦ភាគរយរួចទៅហើយ គឺទទួលបានការឧបត្ថម្ភត្រឹម៦០ភាគរយប៉ុណ្ណោះ មកទល់ពេលនេះ។
កិច្ចប្រឹងប្រែងឈ្មុសឈ្មុលស្វែងរកជំនួយខាងលើ គឺធ្វើឡើងមុនគម្រប់ខួប៩ឆ្នាំ នៃការបើកយុទ្ធនាការបង្រ្កាបដោយកម្លាំងយោធានៅរដ្ឋ Rakhine របស់មីយ៉ាន់ម៉ា កាលពីខែសីហា ឆ្នាំ២០១៧ ដែលបានបង្ខំឱ្យជនជាតិរ៉ូហ៉ីងយ៉ាប្រហែល៧៥០ ០០០នាក់ រត់ភៀសខ្លួនមកបង់ក្លាដែស ដែលជាប្រទេសជិតខាង មានប្រជាជនភាគច្រើនជាជនមូស្លីម។
គួរបញ្ជាក់ថា ការរស់នៅក្នុងជំរំជនភៀសខ្លួនរ៉ូហ៉ីងយ៉ាក្នុងប្រទេសបង់ក្លាដែស នៅតែបន្តមានភាពអួរអាប់ខ្លាំង ដោយមានបញ្ហាណែនកកកុញ ហើយពួកគេត្រូវប្រឈមមុខជាប្រចាំ ជាមួយការគំរាមកំហែងនៃអាកាសធាតុអាក្រក់ៗ ការឆ្លងជំងឺ និងបញ្ហាអន្តសន្តិសុខ ព្រមទាំងមិនសូវទទួលបានសូម្បីតែសេវាមូលដ្ឋាន។ ខណៈជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ានៅតែបន្ត លទ្ធភាពសម្រាប់ការវិលត្រឡប់ទៅវិញដោយសុវត្ថិភាព គឺស្តួចស្តើងខ្លាំង។ ភាពអស់សង្ឃឹមពីមួយថ្ងៃទៅមួយ បាននិងកំពុងជំរុញឱ្យជនភៀសខ្លួនរ៉ូហ៉ីងយ៉ាមួយចំនួន សុខចិត្តប្រថុយធ្វើដំណើរប្រកបដោយគ្រោះថ្នាក់តាមផ្លូវសមុទ្រ ទៅកាន់ប្រទេសម៉ាឡេស៉ីឬឥណ្ឌូណេស៉ី ដោយមនុស្សជិត៩០០នាក់ ត្រូវបានរាយការណ៍ថាបាត់ខ្លួនឬស្លាប់ កាលពីឆ្នាំ២០២៥៕







