លោក ថាក់ស៉ីន នឹងត្រូវដោះលែងមុនពេលកំណត់ ក្រោមការលើកលែងទោសពីព្រះមហាក្សត្រថៃ

03-06-2026 14:51

(បាងកក)៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ បានឱ្យដឹងនាថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ថាអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន ស៉ីណាវ៉ាត់​ នឹងត្រូវដោះលែងពីពន្ធនាគារ ក្រោមការលើកលែងទោសពីព្រះមហាក្សត្រថៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានផ្តល់ការលើកលែងទោសដល់ទណ្ឌិត ដែលត្រូវបានជ្រើសរើស សម្រាប់ការប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្មម្ចាស់ក្សត្រី Suthida ថ្ងៃទី៣ ខែមិថុនា។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Rutthaphon Naowarat បានប្រាប់អ្នកសារព័ត៌មានថា នៅមាននីតិវិធីរដ្ឋបាលមួយចំនួន ដែលត្រូវបញ្ចប់ជាមុនសិន មុនពេលដោះលែងលោក ថាក់ស៉ីន ជាផ្លូវការ និងដកខ្សែដៃអេឡិចត្រូនិចចេញវិញ។

គួរបញ្ជាក់ថា លោក ថាក់ស៉ីន ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីខែមុន បន្ទាប់ពីស្ថិតក្នុងពន្ធនាគារអស់ ៨ខែ ហើយនៅសល់ពេលជាង ៣ខែទៀត នៃការអនុវត្តទោស ១ឆ្នាំ ដែលត្រូវផុតកំណត់ក្នុងខែកញ្ញា៕