ឆេះសណ្ឋាគារ ក្នុងរដ្ឋធានី New Delhi ប្រទេសឥណ្ឌា បណ្តាលឱ្យមនុស្សស្លាប់ ២១នាក់
03-06-2026 17:19
(ញូវដែលី)៖ យ៉ាងហោចណាស់មនុស្សចំនួន ២១នាក់បានបាត់បង់ជីវិត នៅពេលដែលភ្លើងឆាបឆេះសណ្ឋាគារមួយ ក្នុងទីក្រុង New Delhi របស់ឥណ្ឌា នាថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប៉ូលិសក្រុង New Delhi បានឱ្យដឹងថា អគ្គីភ័យកើតឡើងកាលពីពេលព្រឹក នៅសណ្ឋាគារ Flourish Stay ក្នុងសង្កាត់ដ៏មមាញឹក ភាគខាងត្បូងនៃទីក្រុង។ ប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរកកំពុងបន្ត ដោយមនុស្សច្រើនជាង ៤០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។
តាមសារព័ត៌មាន Indian Express និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀត អ្នកស្លាប់ជាច្រើនជាភ្ញៀវមកពីប្រទេសអាហ្វ្រិក ដែលបានមកទីក្រុង New Delhi ដើម្បីព្យាបាលជំងឺ។ អគ្គិភ័យនេះត្រូវបានគ្រប់គ្រង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៨ គ្រឿង។
គួរបញ្ជាក់ថា ភ្លើងឆេះអគារជារឿងធម្មតានៅឥណ្ឌា ដោយសារកង្វះខាតឧបករណ៍ពន្លត់អគ្គីភ័យ និងការមិនយកចិត្តទុកដាក់ចំពោះបទប្បញ្ញត្តិសុវត្ថិភាព៕







