អ្នកជំនាញ UN ថាការគំរាមកំហែងរបស់អាមេរិកប្រឆាំងគុយបា ប្រៀបដូចជាទង្វើកាលពីសម័យអាណានិគម ហើយប៉ះពាល់សន្តិភាពនិងសន្តិសុខអន្តរជាតិ
03-06-2026 17:21
(ហ្សឺណែវ)៖ កាលពីថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា ការបង្កើនការគំរាមកំហែងក៏ដូចជាបង្ខិតបង្ខំ របស់សហរដ្ឋអាមេរិកប្រឆាំងទៅលើប្រទេសគុយបា គឺស្រដៀងគ្នាទៅនឹងទង្វើកាលពីសម័យអាណានិគម ហើយពួកគេបានព្រមានថា វាប៉ះពាល់ដល់សន្តិភាពនិងសន្តិសុខរបស់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
សហរដ្ឋអាមេរិកបានបង្កើនសម្ពាធជាខ្លាំងលើគុយបា ចាប់តាំងពីខែមករា ដើមឆ្នាំ២០២៦នេះ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងម្តងហើយម្តងទៀត ពីបំណងចង់ផ្តួលរំលំរបបដឹកនាំទីក្រុងឡាហាវ៉ាន ដូចដែលកងកម្លាំងយោធាអាមេរិក បានធ្វើនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កាលពីខែនោះ ដោយបានចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro។
អ្នកជំនាញឯករាជ្យ៣រូបរបស់ UN បានលើកឡើងដូច្នេះថា «កិច្ចប្រឹងប្រែងដើម្បីផ្លាស់ប្តូរសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៃរដ្ឋអធិបតេយ្យមួយ តាមរយៈការគំរាមកំហែងនិងការបង្ខិតបង្ខំ គឺស្រដៀងគ្នាទៅនឹងទង្វើកាលពីសម័យអាណានិគម។ សេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់របស់លោកប្រធានាធិបតីអាមេរិក ពាក់ព័ន្ធការចង់គ្រប់គ្រងគុយបា ឆ្លុះបញ្ចាំងឱ្យឃើញពី យុទ្ធសាស្រ្តសម្លុតគំរាមគួរឱ្យបារម្ភយ៉ាងខ្លាំងប្រឆាំងរដ្ឋអធិបតេយ្យមួយ។ ការលើកឡើងទាំងនោះ មិនមែនត្រឹមជាវោហារសាស្រ្តទេ ប៉ុន្តែជាផ្នែកនៃយុទ្ធសាស្រ្តទូលំទូលាយពាក់ព័ន្ធទៅនឹងការដាក់ទណ្ឌកម្មហ៊ុមព័ទ្ធគុយបាជាយូរមកហើយ ការចាត់បញ្ចូលគុយបាជារដ្ឋគាំទ្រភេរវកម្ម ព្រមទាំងការបិទខ្ទប់លំហូរប្រេង ក៏ដូចជាការដាក់ចេញចំណាត់ការសម្លុតគំរាមផ្សេងៗលើភាគីទី៣»។
ក្រុមអ្នកជំនាញខាងលើ ដែលត្រូវបានផ្តល់អាណត្តិដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ប៉ុន្តែមិនមែននិយាយតំណាងឱ្យ UN ផ្ទាល់ទេនោះ បានទទូចឱ្យទីក្រុងវ៉ាស៉ីនតោន បញ្ឈប់ការគំរាមកំហែងទាំងអស់ជាបន្ទាន់ ប្រឆាំងអធិបតេយ្យភាពរបស់គុយបា ហើយស្នើឱ្យក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាត UN រួសរាន់ជួយដោះស្រាយរឿងគំរាមកំហែងគុយបានេះ ដោយចាត់ទុកវាជាបញ្ហាដែលប៉ះពាល់សន្តិភាព និងសន្តិសុខរបស់អន្តរជាតិទាំងមូល។
គួរបញ្ជាក់ថា គុយបាដែលជាប្រទេសដែនកោះ ដឹកនាំដោយរបបកុម្មុយនីស្ត នៅតំបន់សមុទ្រ Caribbean បានស្ថិតក្រោមការហ៊ុមព័ទ្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៦២ ដែលជារឿយៗត្រូវបានបន្ទោសជាមូលហេតុ ដែលនាំឱ្យខ្វះខាតស្បៀងអាហារនិងថ្នាំពេទ្យ។ កាលពីខែមករា គុយបាឈប់ទទួលបានប្រេងពីវ៉េណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ហើយអាមេរិកបានគំរាមដាក់ទណ្ឌកម្មប្រទេសណា ដែលហ៊ានលក់ប្រេងឱ្យគុយបា។ មិនតែប៉ុណ្ណោះ កាលពីខែឧសភាកន្លងទៅ ទីក្រុងវ៉ាស៉ីនតោន ថែមទាំងបានចោទប្រកាន់ជាផ្លូវការ លើអតីតប្រធានាធិបតីគុយបា លោក Raul Castro ពាក់ព័ន្ធសំណុំរឿងបាញ់ទម្លាក់យន្តហោះ តាំងតែពីឆ្នាំ១៩៩៦ ជាហេតុនាំកើនឡើងការភ័យព្រួយថា លោក ត្រាំ អាចនឹងព្យាយាមរកលេស ដើម្បីផ្តួលរំលំរដ្ឋកុម្មុយនីស្តមួយនេះ៕






