អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា បញ្ជាក់អំពីមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រនៃមិត្តភាពកម្ពុជា-ចិន និងភាពជាដៃគូយូរអង្វែង
03-06-2026 18:55
(ទុនហ័ង)៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងសន្និសីទចិនសាស្រ្តពិភពលោកលើកទី៣ ពីទីក្រុងប្រវត្តិសាស្ត្រ ទុន ហ័ង លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភានៃកម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីបើកនៃសន្និសីទខាងលើនេះ ដោយបញ្ជាក់ជាថ្មីអំពីភាពជាដៃគូដ៏ជ្រាលជ្រៅ និងយូរអង្វែងរវាងកម្ពុជានិងចិន។
លោកបណ្ឌិត ធន់ វឌ្ឍនា បានថ្លែងថា ទំនាក់ទំនងទ្វេភាគី ដែលមានតាំងពីសម័យបុរាណ និងទំនាក់ទំនងសម័យទំនើបបង្កើតឡើងដោយព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ និងឯកឧត្តម ម៉ៅ សេទុង និងបន្តមរតកមកដល់សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់កម្ពុជា ឆ្លងកាត់ជំនាន់មួយទៅជំនាន់មួយទៀត។
នៅចំពោះមុខមន្ត្រីជាន់ខ្ពស់ចិន និងឥស្សរជនអន្តរជាតិល្បីៗ លោកបណ្ឌិត បានប្រកាសគាំទ្រជាផ្លូវការនូវគំនិតផ្តួចផ្តើមសកលរបស់ប្រធានាធិបតី ស៊ី ជីនពីង GCI, GDI, GSI និង GGI ជាតំណាងនៃការទទួលខុសត្រូវយូរអង្វែងរបស់ចិនចំពោះមនុស្សជាតិ។
សូមជម្រាបថា ទំនាក់ទំនង និងភាពជាដៃគូកម្ពុជា-ចិន មានការផ្សារភ្ជាប់ដោយអរិយធម៌ បេតិកភណ្ឌវប្បធម៌ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសន្តិភាព ពហុភាគីនិយម និងវិបុលភាពទៅវិញទៅមក៕






