UPDATE: ការវាយប្រហាររបស់អ៊ីរ៉ង់លើព្រលានយន្តហោះកូវ៉ែត សម្លាប់មនុស្សម្នាក់ និងរបួស ៦៣នាក់ ខណៈភាពតានតឹងក្នុងតំបន់កើនឡើង
03-06-2026 19:45
(កូវ៉ែត)៖ អ៊ីរ៉ង់ នាថ្ងៃពុធនេះ បានបើកការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីល ទៅលើអាកាសយានដ្ឋានអន្តរជាតិកូវ៉ែត ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និង ៦៣នាក់រងរបួស។ ការវាយប្រហារនេះបានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ Kuwait Airways ផ្អាកប្រតិបត្តិការ និងបង្វែរជើងហោះហើរទាំងអស់ទៅកាន់ព្រលានយន្តហោះផ្សេង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូវ៉ែត។
ស្របពេលជាមួយគ្នានេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានអះអាងថា ខ្លួនក៏បានវាយប្រហារលើទីបញ្ជាការកងនាវាចរទី៥ របស់អាមេរិកនៅប្រទេសបារ៉ែនផងដែរ ដើម្បីសងសឹកនឹងការវាយប្រហាររបស់អាមេរិកមកលើកោះ Qeshm របស់អ៊ីរ៉ង់កាលពីថ្ងៃអង្គារ។ ទោះជាយ៉ាងណា បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) និងយោធាបារ៉ែន បានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ និងកម្ទេចមីស៊ីល ព្រមទាំងដ្រូនរបស់អ៊ីរ៉ង់ទាំងនោះដោយជោគជ័យ។
គួរបញ្ជាក់ថា ការកើនឡើងកម្តៅនៃជម្លោះនេះ កំពុងគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់។ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ថា ការផ្លាស់ប្តូរសារចរចាតាមរយៈប៉ាគីស្ថានត្រូវបានផ្អាកក៏ដោយ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខបដិសេធ និងអះអាងថាការចរចានៅតែបន្តជាធម្មតា។ ទន្ទឹមនឹងនេះ ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅប្រទេសលីបង់ នៅតែបន្តក្តៅគគុកដដែល បើទោះបីជាមានការប្រកាសបទឈប់បាញ់មួយផ្នែកពីសំណាក់លោក ត្រាំ ក្តី ខណៈដែលតំណាងលីបង់ និងអ៊ីស្រាអែល កំពុងជួបចរចាគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន៕





