ប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីរ៉ង់លើកូវ៉ែត និងបារ៉ែន (Video inside)
03-06-2026 20:22
(ឌូបៃ)៖ បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ បានចេញមុខថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់ប្រទេសអ៊ីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន នាថ្ងៃពុធ ដោយចាត់ទុកថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាតអារ៉ាប់រួម (UAE) បានប្រកាសប្រឆាំងដាច់ខាតចំពោះការកំណត់គោលដៅលើទីតាំងស៊ីវិល និងបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះកូវ៉ែត និងបារ៉ែន។ ទីប្រឹក្សាប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម លោក អាន់វ៉ា ហ្គាហ្គាស់ (Anwar Gargash) បានអំពាវនាវឱ្យបណ្តាប្រទេសតំបន់ឈូងសមុទ្រមាន «ជំហររួមគ្នាយ៉ាងរឹងមាំ» ដោយសង្កត់ធ្ងន់ថា សន្តិសុខ និងជោគវាសនារបស់ប្រទេសអារ៉ាប់ទាំងអស់ គឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។
ទន្ទឹមនឹងនេះ អេហ្ស៊ីប ហ្សកដានី និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ក៏បានថ្កោលទោសការវាយប្រហារនេះថាជា «គោលនយោបាយអរិភាពដែលមិនអាចទទួលយកបាន» និងជាការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ព្រមទាំងបានទាមទារឱ្យសហគមន៍អន្តរជាតិចាត់វិធានការបញ្ចប់ការឈ្លានពាននេះជាបន្ទាន់។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាអាមេរិកនៅកូវ៉ែត និងទីបញ្ជាការកងនាវាចរទី៥ របស់អាមេរិកនៅបារ៉ែន។ ការវាយប្រហារនេះ បានសម្លាប់មនុស្សម្នាក់ និងរបួស ៦៣នាក់ និងបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាកាសយានដ្ឋានអន្តរជាតិកូវ៉ែត ដែលបង្ខំឱ្យមានការផ្អាកជើងហោះហើរជាបណ្តោះអាសន្ន មុនពេលបើកដំណើរការឡើងវិញនៅរសៀលថ្ងៃពុធ៕




