លោក ដូណាល់ ត្រាំ ទទួលស្គាល់ថាពិតជាបានជេរលោក នេតាន់យ៉ាហ៊ូ ថា «​ឆ្កួតឡប់»​តាមទូរស័ព្ទមែន (Video inside)

03-06-2026 22:33

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា លោកពិតជាបានប្រើពាក្យអសុរោះ និងជេរប្រមាថនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ ថា «ឆ្កួតឡប់» តាមទូរស័ព្ទប្រាកដមែន ជុំវិញការបន្តសង្គ្រាមនៅលីបង់ ខណៈដែលអាមេរិកកំពុងព្យាយាមចរចាបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍តាមរយៈផតខាស (Podcast) នៅថ្ងៃពុធ លោក ត្រាំ ត្រូវបានសួរថាតើលោកពិតជាបានជេរលោក នេតាន់យ៉ាហ៊ូ ថា «ឆ្កួតឡប់» និងមិនចេះដឹងគុណមែនឬទេ ដូចដែលសារព័ត៌មាន Axios បានរាយការណ៍។ លោក ត្រាំ បានឆ្លើយតបថា​«ខ្ញុំពិតជាបាននិយាយមែន។ ខ្ញុំមិនមែនខឹងទេ តែខ្ញុំរាងធុញថប់បន្តិច ដែលគាត់ចេះតែបន្តច្បាំងជាមួយលីបង់មិនឈប់»។

យោងតាមរបាយការណ៍របស់ Axios លោក ត្រាំ បានគំហកដាក់លោក នេតាន់យ៉ាហ៊ូ តាមទូរស័ព្ទកាលពីថ្ងៃចន្ទថា «លោកឯងឆ្កួតហើយ។ បើកុំតែបានខ្ញុំជួយសង្គ្រោះ កុំអីលោកឯងជាប់គុកបាត់ទៅហើយ។ ឥឡូវនេះ គ្រប់គ្នាកំពុងតែស្អប់លោកឯង ហើយក៏ស្អប់អ៊ីស្រាអែលដែរ ដោយសារតែរឿងនេះ»។ ជុំវិញការទម្លាយនេះ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។

គួរបញ្ជាក់ថា ភាពរកាំរកូសនេះកើតឡើងស្របពេលដែលអ៊ីរ៉ង់បានប្រកាសជំហរយ៉ាងច្បាស់ថា ខ្លួននឹងមិនយល់ព្រមចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិកឡើយ លុះត្រាតែបទឈប់បាញ់នោះគ្របដណ្តប់លើប្រទេសលីបង់ផងដែរ។ នៅពេលសួរថាតើលោក នេតាន់យ៉ាហ៊ូ បាន «បោកបញ្ឆោត» លោកឱ្យវាយប្រហារអ៊ីរ៉ង់ឬទេ លោក ត្រាំ បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា លោកជាអ្នកចាប់ផ្តើមសង្គ្រាមនេះដោយខ្លួនឯង ដើម្បីរារាំងអ៊ីរ៉ង់កុំឱ្យមានអាវុធនុយក្លេអ៊ែរ ហើយលោកបានអះអាងថា បើគ្មានលោកទេ ម៉្លេះសមប្រទេសអ៊ីស្រាអែលត្រូវរលាយបាត់ពីផែនទីពិភពលោកបាត់ទៅហើយ៕