លោក គីម ជុងអ៊ុន ប្ដេជ្ញាជំរុញការអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើង ជាអតិបរមា (Video inside)
04-06-2026 09:41
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយកាលពីថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ថាការផលិតសម្ភារៈសម្រាប់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានកើនឡើងទ្វេដង ក្នុងរយៈពេល៥ឆ្នាំមកនេះ ជាមួយការប្ដេជ្ញាចិត្តបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរជាអតិបរមា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដកស្រង់ចេញ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាអំឡុងដំណើរទស្សនកិច្ចមួយទៅកាន់រោងចក្រផលិតសម្ភារៈនុយក្លេអ៊ែរថ្មីមួយ លោក គីម ជុងអ៊ុនបានលើកឡើងថាកូរ៉េខាងជើងមានផែនការដ៏មានមហិច្ឆតាមួយនៅពេលអនាគត ដើម្បីពង្រឹងក៏ដូចជាបង្កើនកងកម្លាំងនុយក្លេអ៊ែរ ក្នុងកម្រិតអតិបរមា។
គួរបញ្ជាក់ថា ដោយទាត់ចោលសម្ពាធពីសហរដ្ឋអាមេរិក កូរ៉េខាងជើងបានទទូចជារឿយៗថានឹងមិនបោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ និងចាត់ទុកថាការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរគឺជាជំហានមួយដែលមិនអាចត្រឡប់ក្រោយវិញបាន។ កូរ៉េខាងជើងបានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ១៩៩៣ ហើយចាប់តាំងពីពេលនោះមក ទីក្រុងព្យុងយ៉ាងបានដឹកនាំការធ្វើតេស្ដអាវុធនុយក្លេអ៊ែរចំនួន៦លើក។
កូរ៉េខាងជើងមើលឃើញថាឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនគឺជាយ័ន្តការពារ ខ្លួនមួយពីការវាយប្រហាររបស់កូរ៉េខាងត្បូង និងកងទ័ពអាមេរិកដែលឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង៕






