ប្រមុខការទូតអាមេរិក បញ្ជាក់ថាប្រធានាធិបតី ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូល NATO (Video inside)
04-06-2026 11:55
(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦។
នៅឯសវនាការសភាកាលពីថ្ងៃពុធ លោក Rubio ថាលោក ត្រាំ ខកចិត្តចំពោះសមាជិកណាតូមួយចំនួនដែលមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានយោធាក្នុងប្រទេសទាំងនោះ នៅពេលមានវិបត្តិ។ ប៉ុន្តែលោក ត្រាំ នៅតែទៅចូលរួមកិច្ចប្រជុំកំពូលនេះដដែល។
លោកបានគូសបញ្ជាក់ដូច្នេះថា «អាមេរិកនៅតែស្ថិតក្នុងបក្សសម្ព័ន្ធណាតូ ហើយយើងនឹងទៅដល់ទីនោះ តួកគីយ៉េ ដើម្បីនិយាយអំពីប្រធានបទទាំងអស់។ លោកប្រធានាធិបតី នឹងចូលរួមប្រជុំផ្ទាល់ជាមួយបណ្តាមេដឹកនាំណាតូ ជាទីដែលបញ្ហាទាំងអស់នឹងត្រូវបញ្ជាក់ឱ្យបានច្បាស់»។
គួរបញ្ជាក់ថា អំឡុងសង្រ្គាមអ៉ីរ៉ង់ ប្រទេសជាច្រើននៅក្នុងអង្គការណាតូ បានបដិសេធចំពោះសហរដ្ឋអាមេរិក ដែលចង់ប្រើប្រាស់យន្តហោះយោធាក្នុងដែនអាកាសរបស់ពួកគេ ឬបដិសេធបញ្ជូនកងទ័ពជើងទឹកទៅបើកច្រកសមុទ្រ Hormuz សម្រាប់ការចរាចរណ៍នាវាដឹកប្រេង៕







