មេទ័ពកំពូលអាមេរិក បំពេញទស្សនកិច្ចនៅវ៉េណេស៊ុយអេឡា ៥ខែក្រោយការផ្តួលរំលំលោក Maduro (Video inside)

04-06-2026 13:31

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី៣ ខែមិថុនា​ ឆ្នាំ២០២៦ មេទ័ពកំពូលរបស់អាមេរិក លោក Dan Caine បានបំពេញទស្សនកិច្ចនៅវ៉េណេស៊ុយអេឡា និងបានជួបថ្នាក់ដឹកនាំនៃរដ្ឋាភិបាលស្តីទី រយៈពេល៥ខែ បន្ទាប់ពីយោធាអាមេរិក បានចាប់ខ្លួនប្រធានាធិបតីនៃប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Dan Caine ដែលមានតួនាទីជាប្រធានអគ្គសេនាធិការចម្រុះនៃកងកម្លាំងយោធាអាមេរិក គឺជាមន្រ្តីអាមេរិកចុងក្រោយគេបង្អស់ ដែលបានទៅបំពេញទស្សនកិច្ចនៅវ៉េណេស៊ុយអេឡា ចាប់តាំងពីប្រធានាធិបតី លោក Nicolas Maduro ត្រូវបានផ្តួលរំលំពីអំណាច ក្នុងប្រតិបត្តិការដ៏ភ្ញាក់ផ្អើលមួយ ដែលប្រើពេលត្រឹមប៉ុន្មានម៉ោង កាលពីខែមករា ដើមឆ្នាំនេះ។ លោក​ Maduro ឥឡូវកំពុងជាប់ឃុំឃាំង​នៅពន្ធនាគារក្នុងទីក្រុង New York ដើម្បីរង់ចាំការកាត់ទោសក្រោមការចោទប្រកាន់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

ចាប់តាំងពីពេលនោះ រដ្ឋបាលលោក ត្រាំ បានបន្ធូរបន្ថយទណ្ឌកម្មលើវ៉េណេស៊ុយអេឡា ខណៈទីក្រុងការ៉ាកាស បានធ្វើកំណែទម្រង់បើកទូលាយ​ឧស្សាហកម្មថាមពលនិងធនធានរ៉ែរបស់ខ្លួន ជាពិសេសសម្រាប់សហរដ្ឋអាមេរិក។ បើតាមអ្នកនាំពាក្យរបស់លោក Caine លោឧត្តមសេនីយ៍ ក៏បានធ្វើទស្សនកិច្ចទៅកាន់ស្ថានទូតអាមេរិកនៅទីក្រុងការ៉ាកាស ដែលទើបត្រូវបានបើកឡើងវិញថ្មីៗ ផងដែរ។ ប៉ុន្តែអំឡុងទស្សនកិច្ចនេះ លោកមិនបានជួបប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez ទេ ព្រោះលោកស្រីបានចាកចេញពីប្រទេសឆ្ពោះទៅឥណ្ឌា ក្នុងដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូង គិតចាប់តាំងពីឡើងជាមេដឹកនាំបណ្តោះអាសន្ន ជំនួសលោក Maduro។

អ្នកនាំពាក្យរបស់លោក Dan Caine បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកប្តេជ្ញាចំពោះប្រទេសវ៉េណេស៊ុយអេឡាមួយ ដែលមានស្ថិរភាព លូតលាស់រីកចម្រើន និងប្រកាន់លទ្ធិប្រជាធិបតេយ្យ ហើយដើរស្របគ្នាជាមួយទីក្រុងវ៉ាស៉ីនតោន៕