ទីភ្នាក់ងារវិនិយោគរបស់រដ្ឋាភិបាលអាមេរិក​ អនុម័តកញ្ចប់វិនិយោគ២,៥ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងការគាំទ្រហិរញ្ញវត្ថុ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោនៅកម្ពុជា (Video inside)

04-06-2026 14:21

(វ៉ាស៉ីនតោន)៖ គណៈនាយកនៃទីភ្នាក់ងាររបស់រដ្ឋាភិបាលអាមេរិកទទួលបន្ទុកវិនិយោគគម្រោងអភិវឌ្ឍន៍ ហៅកាត់ថា DFC កាលពីថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ បានអនុម័តកញ្ចប់វិនិយោគយុទ្ធសាស្រ្តថ្មីមួយទំហំ ២,៥ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងការវិនិយោគសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសកម្ពុជា។

ក្នុងចំណោមកិច្ចព្រមព្រៀងមួយចំនួន ពាក់ព័ន្ធខ្សែចង្វាក់ផ្គត់ផ្គង់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការនាំចេញថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ដែលគណៈនាយក DFC បានអនុម័ត គឺរួមមានទាំងកិច្ចព្រមព្រៀងមួយផងដែរ ដែលមានគោលដៅពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងចំណងទាក់ទងផ្នែកយុទ្ធសាស្រ្ត នៅកម្ពុជា។

ក្នុងកិច្ចព្រមព្រៀងនោះ DFC នឹងផ្តល់ការគាំទ្រហិរញ្ញវត្ថុ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានថ្មីរបស់កម្ពុជា ខណៈការវិនិយោគនេះ នឹងជួយដល់កិច្ចប្រឹងប្រែងពង្រីក​ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា ហើយលើកកម្ពស់កាលានុវត្តភាពសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ សម្រាប់ការធ្វើពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។

កិច្ចព្រមព្រៀងវិនិយោគខាងលើ គូសរំលេចពីតួនាទីរបស់ DFC ក្នុងនាមជាដៃគូពោរពេញដោយសមត្ថភាព ក្នុងការផ្តល់មូលធន ជំនាញ និង​នវានុវត្តន៍ ដើម្បីជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា៕