តៃវ៉ាន់ថាជប៉ុននិងហ្វីលីពីន ត្រូវតែគោរពសិទ្ធិនិងទឹកដីរបស់ខ្លួន ក្នុងកិច្ចចរចាព្រំដែនសមុទ្រ (Video inside)

04-06-2026 14:48

(តៃប៉ិ)៖ កាលពីថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយថា ជប៉ុននិងហ្វីលីពីនត្រូវតែគោរពសិទ្ធិនិងទឹកដីរបស់ខ្លួន នៅពេលដែលពួកគេបើកកិច្ចពិភាក្សាស្តីពីព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីខែឧសភា ជប៉ុននិងហ្វីលីពីនបាននិយាយថា ពួកគេនឹងចាប់ផ្តើមកិច្ចពិភាក្សាជាផ្លូវការ ស្តីពីការកំណត់ព្រំដែននៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររវាងប្រទេសទាំងពីរ ដោយស្របទៅតាមច្បាប់អន្តរជាតិ។ ចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃប្រទេសរបស់ខ្លួន បានថ្កោលទោសទង្វើនោះ ហើយក្នុងសប្តាហ៍នេះ បានបញ្ជូនកងនាវាឆ្មាំសមុទ្រធ្វើបេសកកម្មល្បាត នៅក្បែរឆ្នេរភាគខាងកើតតៃវ៉ាន់ ដើម្បីឆ្លើយតប ជាហេតុនាំមានការមិនពេញចិត្តពីទីក្រុងតៃប៉ិ។

ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយថា ការិយាល័យតំណាងរបស់ខ្លួននៅក្នុងប្រទេសជប៉ុននិងហ្វីលីពីន នឹងស្វែងរកការបញ្ជាក់ឱ្យច្បាស់ថា នីតិវិធីចរចា ព្រមទាំងលទ្ធផលនៃកិច្ចព្រមព្រៀងណាមួយនាពេលអនាគត នឹងមិនប៉ះពាល់សិទ្ធិអធិបតេយ្យរបស់តៃវ៉ាន់ នៅក្រោមច្បាប់អន្តរជាតិឡើយ។ ក្រសួងការបរទេសតៃវ៉ាន់ បានសង្កត់ធ្ងន់ថា អធិបតេយ្យភាពរបស់តៃវ៉ាន់ លើដែនដីនិងដែនទឹកពាក់ព័ន្ធរបស់ខ្លួន ក៏ដូចជាសិទ្ធិក្រោមច្បាប់អន្តរជាតិ គឺសុទ្ធតែមិនអាចប្រកែកបានដាច់ខាត។

ទីក្រុងតៃប៉ិបានបន្តថា ដោយសារតែតំបន់ដែនសមុទ្រដែលជប៉ុននិងហ្វីលីពីន មានបំណងចរចាកំណត់ព្រំប្រទល់ គឺត្រួតស៉ីគ្នាជាមួយនឹង​តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់តៃវ៉ាន់ នៅក្បែរឆ្នេរភាគខាងកើត គឺខ្លួនអំពាវនាវឱ្យប្រទេសទាំងពីរ ពិចារណាឱ្យបានពេញលេញចំពោះសិទ្ធិ ផលប្រយោជន៍ និងការចូលរួមរបស់តៃវ៉ាន់ នៅក្នុងកិច្ចពិភាក្សា។

ជាចុងក្រោយ ក្រសួងការបរទេសតៃវ៉ាន់ បានបន្ថែមថា ចិនពុំមានសិទ្ធិអ្វីមកអះអាងនិយាយតំណាងឱ្យខ្លួន ជុំវិញបញ្ហាព្រំដែនសមុទ្រនេះទេ។ កោះតៃវ៉ាន់បានសង្កត់ធ្ងន់ដូច្នេះថា «តៃវ៉ាន់នឹងមិនអត់ឱនដាច់ខាត ចំពោះការប៉ុនប៉ងរបស់ចិនដើម្បីបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់»៕