ប្រទេស៥ថ្មីជាប់ជាសមាជិកក្រុមប្រឹក្សាសន្តិសុខ UN សម្រាប់អាណត្តិរយៈពេល២ឆ្នាំ (Video inside)

04-06-2026 15:08

(យូអិន)៖ កាលពីថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ មហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានបោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិមានរយៈពេល២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ក្នុងក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិកសរុបចំនួន១៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​Reuters។

ក្រុមប្រឹក្សាសន្តិសុខ គឺជាស្ថាប័នតែមួយគត់របស់ UN អាចចេញសេចក្តីសម្រេច ដែលត្រូវតែអនុវត្តតាមជាដាច់ខាត ដូចជាការដាក់ទណ្ឌកម្ម និងការអនុញ្ញាតឱ្យប្រើកម្លាំងយោធា។ ស្ថាប័នកំពូលនេះ មានសមាជិកអចិន្រ្តៃយ៍៥ ដែលកាន់អំណាចជំទាស់វេតូដ៏មានឥទ្ធិពល រួមមានសហរដ្ឋអាមេរិក ចិន រុស្ស៉ី ចក្រភពអង់គ្លេស ហើយនិងបារាំង។ សមាជិក១០ទៀត គឺត្រូវបោះឆ្នោតជ្រើសរើស ក្នុងនោះ៥សមាជិកថ្មី ចូលរួមរៀងរាល់ឆ្នាំ។

ឆ្នាំ២០២៦នេះ សមាជិកថ្មីរួមមាន ១មកពីក្រុមតំបន់អាហ្រ្វិក, ១មកពីក្រុមតំបន់អាមេរិកឡាទីននិង Caribbean, ១មកពីក្រុមតំបន់អាស៉ីប៉ាស៉ីហ្វិក និង២មកពីក្រុមអឺរ៉ុបខាងលិចនិងដទៃទៀត។ ស៉ីមបាវ៉េនឹងជំនួសសូម៉ាលី ហើយទ្រីនីដាដនិងតូបាហ្គោ នឹងជំនួសប៉ាណាម៉ា ខណៈព័រទុយហ្កាល់និងអូទ្រីស នឹងជួសដាណឺម៉ាកនិងក្រិក រីឯកៀហ្ស៉ីស៉ីស្ថាន នឹងជំនួសប៉ាគីស្ថាន។ សម្រាប់កៀហ្ស៉ីស៉ីស្ថាន វាគឺជាលើកដំបូងបង្អស់ដែលប្រទេសអាស៉ីកណ្តាលមួយនេះ បានជាប់ជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ។

គួរបញ្ជាក់ថា បារ៉ែន កូឡុំប៊ី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឡេតូនី និងលីបេរីយ៉ា នឹងបន្តធ្វើជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ UN រហូតដល់ដំណាច់ឆ្នាំ២០២៧។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មហាសន្និបាត UN បានបោះឆ្នោតជ្រើសរើស​រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស លោក Khalilur Rahman ជាប្រធានថ្មីនៃស្ថាប័នដែលមាន១៩៣សមាជិកនេះ សម្រាប់សម័យប្រជុំទី៨១ ដែលនឹងបើកនៅខែកញ្ញាខាងមុខ៕