ឥណ្ឌូណេស៉ី ចាប់ខ្លួនមន្រ្តីជាន់ខ្ពស់២រូបបន្តបន្ទាប់គ្នា ពាក់ព័ន្ធអំពើពុករលួយ (Video inside)
04-06-2026 16:23
(ហ្សាការតា)៖ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយឥណ្ឌូណេស៉ី បានចាប់ខ្លួនអនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ ដែលជាការចាប់ខ្លួនលើមន្រ្តីជាន់ខ្ពស់ទីពីរហើយ ក្នុងរយៈពេល ២ថ្ងៃ ពាក់ព័ន្ធបញ្ហាអំពើពុករលួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦។
អ្នកនាំពាក្យទីភ្នាក់ងារប្រឆាំងអំពើពុករលួយឥណ្ឌូណេស៉ី លោក Budi Prasetyo បាននិយាយថា អនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ លោក Silmy Karim ត្រូវចាប់ខ្លួនពីបទសង្ស័យប្រព្រឹត្តអំពើពុករលួយ ក្នុងការគ្រប់គ្រងឯកសារអន្តោប្រវេសន៍។
លោក Silmy ត្រូវបានសួរចម្លើយនៅឯការិយាល័យគណបក្ស KPK កាលពីយប់ថ្ងៃពុធ ហើយប្រហែល ១០ម៉ោងក្រោយ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកត្រូវប៉ូលិសវាយខ្នោះ និងពាក់អាវពណ៌ទឹកក្រូច ដែលសម្គាល់ថាលោកគឺជនសង្ស័យ។ លោកត្រូវបានគេបញ្ជូនទៅទីតាំងឃុំខ្លួន។
តាមលោក Budi អំពើពុករលួយដែលបានចោទប្រកាន់លើលោក Silmy កើតឡើងនៅឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤។ លោក Silmy បានកាន់តួនាទីជាអគ្គនាយកសម្រាប់កិច្ចការអន្តោប្រវេសន៍ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Joko Widodo អំឡុងពេលនោះ។
គួរបញ្ជាក់ថា ការចាប់ខ្លួនខាងលើធ្វើឡើង មួយថ្ងៃបន្ទាប់ពីការិយាល័យអគ្គរដ្ឋអាជ្ញាឥណ្ឌូណេស៉ី បានឃាត់ខ្លួន លោក Dadan Hindayana ដែលជាអតីតប្រធានទីភ្នាក់ងារមួយ ដែលមើលការខុសត្រូវកម្មវិធីផ្តល់អាហារឥតគិតថ្លៃ របស់ប្រធានាធិបតី លោក Prabowo Subianto។ លោក Dadan មានឈ្មោះជាជនសង្ស័យ ក្នុងសំណុំរឿងពុករលួយពាក់ព័ន្ធបញ្ហាអភិបាលកិច្ចនិងលទ្ធកម្មនៃកម្មវិធីនោះ៕





