រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល ប្រកាសថាប្រតិបត្តិការយោធា នឹងនៅតែបន្តនៅលីបង់ (Video inside)
04-06-2026 17:00
(ហ៊្សេរុយសាឡិម)៖ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ សម្រាប់ពេលបច្ចុប្បន្ន ហើយនឹងមិនដកកម្លាំងរបស់ខ្លួននោះទេ ទោះបីជាមានសេចក្តីប្រកាសយល់ព្រម លើការអនុវត្តបទឈប់បាញ់ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្តីថ្លែងការណ៍ លោក Katz លើកឡើងថាយោធាអ៉ីស្រាអែល នឹងបន្តស្ថិតនៅភាគខាងត្បូងលីបង់ លើទីតាំងដែលខ្លួនកំពុងគ្រប់គ្រង ជាផ្នែកមួយនៃអ្វីដែលរដ្ឋាភិបាលអ៉ីស្រាអែល ហៅថាជាតំបន់ការពារពលរដ្ឋភាគខាងជើងអ៉ីស្រាអែល ពីការវាយប្រហារដោយក្រុមហេសបូឡា។
លោក Katz បានលើកឡើងទៀតថា អ៉ីស្រាអែលនឹងបន្តកម្ចាត់ហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម នៅទីតាំងនោះ ហើយថាអ៉ីស្រាអែលមានសេរីភាពក្នុងការធ្វើសកម្មភាព និងមានការគាំទ្រពីសហរដ្ឋអាមេរិក ដើម្បីវាយប្រហារទីក្រុងបេរូត ជាការឆ្លើយតបទៅនឹងការវាយប្រហារ មកលើសហគមន៍អ៉ីស្រាអែល៕







