បទវិភាគ៖ សំឡេងរបស់ចិនបំពេញបន្ថែមនូវស្ថិរភាពនិងភាពប្រាកដប្រជា សម្រាប់ពិភពលោកដែលមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង
04-06-2026 17:53
(ប៉េកាំង)៖ ពេលថ្មីៗនេះ កិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកទី ២៣ បានបិទបញ្ចប់នៅប្រទេសសិង្ហបុរី។ ក្នុងរយៈពេល ៣ ថ្ងៃកន្លងទៅនេះ ទិដ្ឋភាពចំនួនពីរក្នុងកិច្ចប្រជុំសន្ទនាលើកនេះ បានផ្ទុយស្រឡះពីគ្នាយ៉ាងច្បាស់ក្រឡែត ។ ម្ខាងគឺ តំណាងចិនបានប្រឈមមុខនឹងបញ្ហាសាកល្បងខាងសន្តិសុខជាសកលនាពេលបច្ចុប្បន្ន យ៉ាងអង់អាចក្លាហានដោយអធិប្បាយអំពីទស្សនអភិបាលកិច្ចនិងសន្តិសុខសកលរបស់ចិនដែលបានបញ្ចេញព័ត៌មានស្តីពីការគាំពារសន្តិភាពនិងជំរុញកិច្ចសហប្រតិបត្តិការ ។ ម្ខាងទៀតគឺ តំណាងជប៉ុនបានដោះសាដោយផ្តេសផ្តាសពីទង្វើដែលធ្វើ "យោធូបនីយកម្មម្តងទៀត" របស់ខ្លួន រីឯតំណាងហ្វីលីពីនបានបង្ករឿងចំពោះអត្ថន័យសំខាន់នៃការតាក់តែង "ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង" ដែលរងការរិះគន់យ៉ាងខ្លាំងក្លាពីបណ្តាភាគីនានា ។ អ្នកវិភាគខ្លះសម្គាល់ឃើញថា សំឡេងរបស់ចិន មានភាពកាន់តែខ្លាំងក្លានៅក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកនេះ វាមិនត្រឹមតែបានជះឥទ្ធិពលដល់ទិសដៅនៃកិច្ចប្រជុំលើកនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពេញបន្ថែមនូវស្ថិរភាព និងភាពប្រាកដប្រជាសម្រាប់ពិភពលោកដែលមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំងផងដែរ ។
ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នៅមុនពេលបើកកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកនេះ ប្រមុខរដ្ឋចិននិងអាមេរិកបានធ្វើកិច្ចជំនួបជាប្រវត្តិសាស្រ្តនៅទីក្រុងប៉េកាំង ។ ភាគីទាំងពីរបានឯកភាពគ្នាចាត់ទុក ការកសាងទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រដែលប្រកបដោយលក្ខណៈស្ថាបនាជាទម្រង់ថ្មីនៃទំនាក់ទំនងរវាងចិននិងអាមេរិក ដែលបានផ្តល់ជាគោលការណ៍ណែនាំជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងរវាងចិននិងអាមេរិកក្នុងរយៈពេល ៣ ឆ្នាំរហូតដល់រយៈពេលកាន់តែយូរនៅពេលអនាគត ។ និន្នាការល្អប្រសើរដែលឆ្ពោះទៅរកភាពនឹងនរនៃទំនាក់ទំនងចិន-អាមេរិកបានបង្កជាបរិយាកាសវិជ្ជកម្មសម្រាប់កិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកនេះ ។
បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានការប្រែប្រួលដ៏ស្មុគស្មាញ និងជ្រាលជ្រៅបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ។ ប្រទេសមួយចំនួនតូចបាននិងកំពុងប៉ុនប៉ងញុះញង់ ឱ្យមានការប្រឈមដាក់គ្នាជាក្រុម ។ មុនពេលបើកកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកនេះ ភាគីជប៉ុននិងហ្វីលីពីនបានសម្រេចចិត្តចាប់ដំណើរការការចរចាជាផ្លូវការ អំពី «កិច្ចព្រមព្រៀងស្តីពីការការពារការស៊ើបការណ៍ផ្នែកយោធា»។ នៅក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកនេះ លោក Koizumi Shinjiro រដ្ឋមន្ត្រីការពារជាតិជប៉ុនបានឃោសនាបំប៉ោងពីអ្វីដែលហៅថា ទស្សនទានថ្មីអំពី "ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរីភាពនិងបើកទូលាយ" ដែលបានបង្ហាញបន្ថែមទៀតពីមហិច្ឆតារបស់ជប៉ុនដែលបំពានលើគោលការណ៍ "ផ្តោតលើការការពារ" បំបែកតុល្យភាពនៃសណ្តាប់ធ្នាប់សន្តិសុខក្នុងតំបន់ និងបង្ករឿងចំពោះសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ ទាក់ទងនឹងករណីនេះ សមាជិកនៃគណៈប្រតិភូចិនបានសួរត្រង់ៗ នៅហ្នឹងកន្លែងដែលបានបង្ហាញពីគោលជំហរដ៏យុត្តិធម៌របស់ប្រទេសចិនក្នុងការគាំពារសមិទ្ធផលជ័យជម្នះ នៃសង្គ្រាមលោកលើកទីពីរនិងគាំពារយ៉ាងមុតមាំចំពោះសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។
សូមក្រឡេកមើលភាគីហ្វីលីពីន។ នៅក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកនេះ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបានឃោសនាបំប៉ោងពីសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងដោយខុសច្បាប់ម្តងទៀត ដែលបង្កភាពតានតឹងក្នុងតំបន់ ។ ទាក់ទងនឹងករណីនេះ ភាគីចិនបានចោទជាមន្ទិលសង្ស័យដោយមានហេតុផល និងមានភស្តុតាងផ្លូវច្បាប់ចំពោះ "ការនិយាយផ្សេងធ្វើផ្សិង" របស់រដ្ឋាភិបាលហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង ។ ប្រឈមមុខនឹងការលើកសំណួរ តំណាងភាគីហ្វីលីពីនសឹងតែនិយាយរដាក់រដុប ដែលត្រូវមជ្ឈដ្ឋានខាងក្រៅវាយតម្លៃថា គឺ និយាយគ្មានហេតុផលនិងគ្មានភស្តុតាងផ្លូវច្បាប់ទាល់តែសោះ។
ភ្ញៀវកិត្តយសដែលចូលរួមកិច្ចប្រជុំសន្ទនា និងបញ្ញវន្តនៃប្រទេសនានាក្នុងតំបន់បានថ្លែងថា ពាក្យសម្តីនិងទង្វើមិនទទួលខុសត្រូវរបស់ឥស្សរជននៃប្រទេសមួយចំនួនតូចបានផ្ទុយពីទស្សនទានរួមរបស់ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិដែលចង់ស្វែងរកសន្តិភាព វឌ្ឍនភាពនិងជំរុញកិច្ចសហប្រតិបតិ្តការ គឺមិនអាចទទួលបានការគាំទ្រជាដាច់ខាត ។ ចំណែកទស្សនៈនិងគំនិតផ្តួចផ្តើមរបស់ចិនបានផ្តល់ជាគំនិតដ៏សំខាន់សម្រាប់ការដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់និងបញ្ហាប្រឈមជាសកល ដែលទទួលបានការចាប់អារម្មណ៍ជាទូទៅក្នុងកិច្ចប្រជុំសន្ទនាលើកនេះ។
ពីការលើកឡើងគំនិតផ្តួចផ្តើមសកលទាំងបួនដល់ ការជំរុញឱ្យទំនាក់ទំនងរវាងប្រទេសធំរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ រហូតដល់ការបញ្ចេញសំឡេងយុត្តិធម៌ដែលប្រឆាំងនឹងអនុត្តរភាព ប្រកាន់ខ្ជាប់សមភាពនិងសច្ចភាព នៅលើឆាកអន្តរជាតិ ប្រទេសចិនបានក្លាយជា "យុថ្កា" សម្រាប់គាំពារសន្តិភាពនិងស្ថិរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោក ។ ឆ្លងតាមរយៈការប្រែប្រួល និងទិសដៅនៃកិច្ចប្រជុំសន្ទនាសាំងគ្រីឡាឆ្នាំនេះ អ្នកផងទាំងពួងក៏កាន់តែទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅថា តើអ្វីជាទំនួលខុសត្រូវរបស់ប្រទេសធំ៕
វិទ្យុមិត្តភាពកម្ពុជាចិន





