មនុស្ស ១២នាក់ស្លាប់ ក្នុងគ្រោះអគ្គិភ័យឆាបឆេះមជ្ឈមណ្ឌលថែទាំមនុស្សចាស់នៅស្រីលង្កា
04-06-2026 18:49
(កូឡុំបូ)៖ កម្លាំងប៉ូលិសស្រីលង្កាបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា មានមនុស្សចំនួន ១២នាក់បានបាត់បង់ជីវិត និង ៨នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីមានគ្រោះអគ្គិភ័យឆាបឆេះមជ្ឈមណ្ឌលថែទាំមនុស្សចាស់មួយកន្លែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អគ្គិភ័យនេះបានកើតឡើងនៅឯមជ្ឈមណ្ឌលមួយកន្លែងក្នុងតំបន់អានហ្គូរូវ៉ាតូតា (Anguruwatota) ដែលស្ថិតនៅចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រពីរដ្ឋធានីកូឡុំបូ (Colombo)។ បច្ចុប្បន្ន អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុង ហើយនាយកគ្រប់គ្រងមជ្ឈមណ្ឌលខាងលើ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនផងដែរ ដើម្បីសាកសួរពាក់ព័ន្ធនឹងហេតុការណ៍នេះ។
អ្នកនាំពាក្យប៉ូលិស បានបញ្ជាក់ថា មនុស្សសរុប ៥១នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពចេញពីមជ្ឈមណ្ឌលនោះ ខណៈកម្លាំងប៉ូលិសចំនួនពីរក្រុមផ្សេងទៀត កំពុងបន្តការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលបណ្តាលឱ្យមានអគ្គិភ័យនេះឡើង៕




