ក្រុមហេសបូឡា​បដិសេធផែនការបទឈប់បាញ់ដែលគាំទ្រដោយអាមេរិក ខណៈអ៊ីស្រាអែលបន្តការវាយប្រហារលើលីបង់ (Video inside)

04-06-2026 20:48

(បេរូត)៖ ក្រុមហេសបូឡា នៅថ្ងៃព្រហស្បតិ៍ បានប្រកាសបដិសេធផែនការបទឈប់បាញ់ ដែលត្រូវបានយល់ព្រមដោយរដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែល នៅក្នុងកិច្ចចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក ខណៈដែលអ៊ីស្រាអែលនៅតែបន្តការវាយប្រហារនៅភាគខាងត្បូងលីបង់ និងប្រកាសថានឹងមិនដកកងទ័ពថយឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកបានប្រកាសថា លីបង់ និងអ៊ីស្រាអែលបានឯកភាពលើបទឈប់បាញ់ ក្នុងលក្ខខណ្ឌដែលក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបញ្ឈប់ការបាញ់ប្រហារ និងដកយុទ្ធជនរបស់ខ្លួនចេញពីតំបន់ភាគខាងត្បូងក្បែរព្រំដែន។ ទោះជាយ៉ាងណា មេដឹកនាំក្រុមហេសបូឡា លោក ណាអុីម កសឹម (Naim Qassem) ដែលមិនបានចូលរួមក្នុងកិច្ចចរចានេះ បានថ្កោលទោសកិច្ចព្រមព្រៀងនៅទីក្រុងវ៉ាស៊ីនតោននោះថាជាទង្វើ «គ្មានសេចក្តីខ្មាសអៀន» និងជាផែនទីបង្ហាញផ្លូវសម្រាប់ «ការបំផ្លិចបំផ្លាញ និងការដាក់ពលរដ្ឋលីបង់ឱ្យធ្វើជាទាសករ»។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល កាត (Israel Katz) បានបញ្ជាក់ថា អ៊ីស្រាអែលនឹងបន្តវាយប្រហារលីបង់ជាបន្តទៀត ដើម្បីកម្ទេចទីតាំងរបស់ក្រុមហេសបូឡា និងដើម្បីការពារភាគខាងជើងរបស់ខ្លួន។ ដោយឡែក មេបញ្ជាការកងកម្លាំង Quds នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានលើកឡើងថា លក្ខខណ្ឌទាបបំផុតរបស់ក្រុមតស៊ូ គឺអ៊ីស្រាអែលត្រូវតែដកកងទ័ពរបស់ខ្លួនត្រឡប់ទៅកាន់ទីតាំងដើមវិញ មុនពេលសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី២ ខែមីនា៕