លោក ពូទីន ប្រឈមនឹងចក្ខុវិស័យផ្ទុយគ្នារវាងសង្គ្រាម និងសន្តិភាព នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំដ៏ធំបំផុតរបស់រុស្ស៊ី (Video inside)
04-06-2026 21:39
(សាំងពិតធឺស្បឺក)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ បានប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់ប្រទេសរុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំដ៏ធំបំផុតរបស់ខ្លួន ស្របពេលដែលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg នេះ អ្នកចូលរួមមួយចំនួនបានជំរុញឱ្យរុស្ស៊ីបន្តធ្វើសង្គ្រាម និងត្រៀមខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នាជាសកលជាមួយលោកខាងលិច ដែលអាចអូសបន្លាយជាច្រើនទសវត្សរ៍។ អតីតចារជនរុស្ស៊ី លោក អាន់ឌ្រី បេសរូកូវ (Andrey Bezrukov) បានសង្កត់ធ្ងន់ថា រុស្ស៊ីត្រូវតែរៀនរស់នៅក្នុងស្ថានភាពសង្គ្រាមនេះ ខណៈក្រុមអ្នកជាតិនិយមជឿថា ការធ្វើសង្គ្រាមនេះគឺជាជម្រើសតែមួយគត់ ដើម្បីជៀសវាងការដួលរលំនៃប្រទេសរុស្ស៊ី។
ផ្ទុយទៅវិញ ក្រុមឥស្សរជន និងអ្នកជំនួញមួយចំនួនទៀត បានមើលឃើញពីភាពជាប់គាំងនៃសេដ្ឋកិច្ចទំហំ ៣ទ្រីលានដុល្លាររបស់រុស្ស៊ី ហើយបានលើកឡើងពីអត្ថប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេងដែលរុស្ស៊ីអាចទទួលបាន ប្រសិនបើសង្គ្រាមត្រូវបានបញ្ចប់ តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា ការជជែកដេញដោលដ៏ចម្រូងចម្រាសនេះ បានឆ្លុះបញ្ចាំងពីទស្សនៈខ្វែងគំនិតគ្នារវាងមេដឹកនាំនយោបាយ និងវិស័យធុរកិច្ចរុស្ស៊ី ជុំវិញអនាគតរបស់ប្រទេស បន្ទាប់ពីសង្គ្រាមបានអូសបន្លាយអស់រយៈពេលជាង ៤ឆ្នាំមក។ ជុំវិញបញ្ហានេះ នាយករងសេនាធិការរបស់លោក ពូទីន គឺលោក ម៉ាក់ស៊ីម អូរ៉េសគីន (Maxim Oreshkin) បានប្រាប់អង្គសន្និសីទថា វាជារឿងឥតប្រយោជន៍ក្នុងការរំពឹងថា អតីតកាលដ៏ល្អប្រសើរនឹងវិលត្រឡប់មកវិញ ឬសង្ឃឹមថាលោកខាងលិចនឹងលើកលែងទណ្ឌកម្ម ដោយលោកបានសង្កត់ធ្ងន់ថា «អ្នកមិនគួររង់ចាំឱ្យមានអ្វីផ្លាស់ប្តូរ ឬត្រឡប់មកវិញនោះទេ ព្រោះវានឹងមិនត្រឡប់មកវិញ ហើយក៏នឹងមិនផ្លាស់ប្តូរដែរ»៕




