លោក ហ្សេលេនស្គី ក្នុងលិខិតចំហ បបួលលោក ពូទីន ចរចាគ្នាដើម្បីបិទបញ្ចប់សង្រ្គាម (Video inside)

05-06-2026 08:37

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ បានចេញផ្សាយលិខិតចំហមួយទៅកាន់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដែលនៅក្នុងនោះលោកបានស្នើឱ្យមេដឹកនាំនៃប្រទេសទាំង២ ជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងលិខិតរបស់លោកដែលត្រូវបានផ្ញើទៅកាន់ប្រទេសជាច្រើនផ្សេងទៀត ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកផងនោះ លោក ហ្សេលេនស្គីបាននិយាយថាភាគច្រើននៃប្រជាជនរុស្ស៉ី កាន់តែមានភាពធុញទ្រាន់នឹងការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៊ុយក្រែន ព្រមទាំងបញ្ហាអតិផរណា និងការខ្វះខាតឥន្ធនៈ ហើយពួកគេត្រៀមខ្លួនជាស្រេចសម្រាប់សន្តិភាព។

តាមលោក ហ្សេលេនស្គី កិច្ចប្រឹងប្រែងដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនត្រូវតែបន្តធ្វើឡើងក្នុងឥលូវនេះ ជាជាងត្រូវរង់ចាំរហូតទាល់តែសហរដ្ឋអាមេរិកបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់។ មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថាប្រទេសរបស់លោកត្រៀមខ្លួនជាស្រេចសម្រាប់បទឈប់បាញ់ពេញលេញមួយអំឡុងកិច្ចចរចា ហើយថាសហរដ្ឋអាមេរិកមានសមត្ថភាពក្នុងការតាមដាន ការអនុវត្តបទឈប់បាញ់មួយនៅតាមបណ្ដោយសមរភូមិជាទីដែលការវាយប្រយុទ្ធគ្នាត្រូវបញ្ឈប់។ តែទោះជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គីបានអះអាងថាអ៊ុយក្រែន បានត្រៀមខ្លួនជានិច្ចដើម្បីបន្តតស៊ូប្រយុទ្ធក្នុងសង្រ្គាម ប្រសិនបើមិនមានសន្តិភាពទេនោះ។

នៅឯទីក្រុងមូស្គូឯណោះវិញ វិមានក្រឹមឡាំងបាននិយាយថាខ្លួនបានទទួលលិខិតរបស់លោក ហ្សេលេនស្គី ហើយថាលោក ពូទីននឹងត្រូវបានជូនដំណឹងអំពីខ្លឹមសារនៅក្នុងលិខិតនោះ៕