សភាអាមេរិក គាំទ្រការដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី ផ្ដល់ជំនួយឱ្យអ៊ុយក្រែន ដើរផ្ទុយពីលោក ត្រាំ (Video inside)

05-06-2026 09:05

(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ បានអនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី ដែលនេះជាសញ្ញាចុងក្រោយបំផុតមួយបង្ហាញថាចាប់ផ្ដើមមានសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនហ៊ានជំទាស់នឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សភាតំណាងរាស្ត្រអាមេរិក ឬរដ្ឋសភាបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ២២៦ ទល់នឹង១៩៥សំឡេងជំទាស់ ដើម្បីអនុម័តសេចក្ដីព្រាងច្បាប់ Ukraine Support Act ដោយមានសមាជិកបក្សសាធារណរដ្ឋចំនួន១៨រូប និងអ្នកតំណាងរាស្ត្រឯករាជ្យម្នាក់បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ។ ការអនុម័តសេចក្ដីព្រាងនេះដែរកើតឡើងតែមួយថ្ងៃ ប៉ុណ្ណោះបន្ទាប់ពីរដ្ឋសភាអាមេរិកបានបោះឆ្នោតអនុម័តដំណោះស្រាយមួយដែលនឹងបង្ខំឱ្យលោក ដូណាល់ ត្រាំ ដកកងទ័ពចេញពីសង្រ្គាមជាមួយអ៉ីរ៉ង់ លុះត្រាតែសភាទាំង២របស់អាមេរិក ប្រកាសសង្រ្គាម ឬអនុញ្ញាតឱ្យមានការប្រើកម្លាំងយោធាជាថ្មី។

ក៏ប៉ុន្តែ អនាគតនៃសេចក្ដីព្រាងច្បាប់ Ukraine Support Act កំពុងស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ។ ដើម្បីឱ្យក្លាយទៅជាច្បាប់ Ukraine Support Act នៅត្រូវឆ្លងកាត់ការបោះឆ្នោតអនុម័តយល់ព្រមពីព្រឹទ្ធសភាអាមេរិកជាមុនសិន ជាទីដែលថ្នាក់ដឹកនាំនៃគណបក្សសាធារណរដ្ឋមិនទាន់អនុញ្ញាតឱ្យមានការបោះឆ្នោលើសេចក្ដីព្រាងច្បាស់ដាក់ទណ្ឌកម្មរុស្ស៉ី នៅឡើយទេ ដោយពួកគេនិយាយថាចង់រង់ចាំការណែនាំរបស់លោក ត្រាំជាមុនសិន។

ម្យ៉ាងវិញទៀត ទោះបីជាព្រឹទ្ធសភាបោះឆ្នោតអនុម័តច្បាប់ Ukraine Support Act ក៏ដោយ ក៏សេចក្ដីព្រាងច្បាប់នេះនៅតែអាចត្រូវបានបោះឆ្នោតវេតូពីលោក ដូណាល់ ត្រាំ។ ចាប់តាំងពីត្រឡប់មកកាន់អំណាចនៅអាណត្តិទី២មក លោក ត្រាំ តែងតែរក្សាការសម្រេចចិត្តលើការដាកទណ្ឌកម្មត្រូវធ្វើឡើងនៅឯសេតវិមាន មិនមែននៅសភានោះទេ៕