សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មលើប្រធានាធិបតីគុយបា Miguel Diaz-Canel (Video inside)

05-06-2026 11:06

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា លោក Miguel Diaz-Canel និងក្រុមអ្នកពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦។

ទណ្ឌកម្មនេះ ក៏កំណត់គោលដៅលើភរិយារបស់លោក Diaz-Canel ផងដែរ គឺលោកស្រី Lis Cuesta Peraza សមាជិកពីរនាក់នៃគ្រួសារ ​Castro និងក្រសួងនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍។

លោក Diaz-Canel អាយុ ៦៦ឆ្នាំ បានចូលមកដឹកនាំប្រទេសគុយបា បន្តពីលោក Raul Castro ដែលជាបងប្រុសរបស់អតីតមេដឹកនាំគុយបា លោក Fidel Castro នៅឆ្នាំ២០១៨។ ទណ្ឌកម្មដែលបានប្រកាសលើលោក Diaz-Canel គឺជាចំណាត់ការថ្មីរបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការបង្កើនសម្ពាធលើមេដឹកនាំកុម្មុយនិស្តនៃប្រទេសក្នុងតំបន់ Caribbean។

រដ្ឋមន្រ្តីការបទេសគុយបា លោក Bruno Rodriguez ហៅទណ្ឌកម្មនេះថាជារឿងគួរឱ្យស្អប់ខ្ពើម៕