ប្រធានាធិបតីកេនយ៉ា ការពារផែនការរបស់អាមេរិក ក្នុងការដំឡើងទីតាំងចត្តាឡីស័ក្តអ្នកជំងឺអេបូឡា (Video inside)
05-06-2026 11:48
(ណៃរ៉ូប៊ី)៖ ប្រធានាធិបតីនៃប្រទេសកេនយ៉ា លោក William Ruto បាននិយាយថា រដ្ឋាភិបាលរបស់លោកបាននិងកំពុងធ្វើរឿងត្រឹមត្រូវ ដោយអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ដំឡើងទីតាំងធ្វើចត្តាឡីស័ក្តអ្នកជំងឺអេបូឡា នៅក្នុងប្រទេសកេនយ៉ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦។
អំឡុងទស្សនកិច្ចទៅកាន់ប្រទេសអាហ្រ្វិកខាងត្បូង លោក Ruto ប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ខ្ញុំអាចនិយាយបានដោយមិនខ្លាចរអា ថាយើងកំពុងធ្វើរឿងត្រឹមត្រូវ។ វាមិនសមទាល់តែសោះ បើអាមេរិកគ្រាន់តែស្នើទីតាំងនោះ ដើម្បីទុកសម្រាប់ជនជាតិរបស់ខ្លួន ហើយយើងបដិសេធនោះ»។
ទីតាំងចត្តាឡីស័ក្តក្នុងទីក្រុង Nanyuki ដែលស្ថិតនៅទីប្រជុំជនភាគកណ្តាលប្រទេសកេនយ៉ា មានរៀបចំគ្រែចំនួន ៥០ សម្រាប់ជនជាតិអាមេរិកដែលប្រឈមនឹងការឆ្លងវីរុស ពីកន្លែងផ្ទុះរាលដាលជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ការតវ៉ាប្រឆាំងនឹងទីតាំងនេះ បានបណ្តាលឱ្យមានមនុស្សពីរនាក់ស្លាប់ កាលពីសប្តាហ៍មុន។ ដំបូងឡើយ តុលាការកេនយ៉ា បានបង្គាប់ឱ្យផ្អាកការងារដំឡើងនេះសិន ប៉ុន្តែស្ថានទូតអាមេរិកប្រចាំទីក្រុងណៃរ៉ូប៊ី ថាកំពុងធ្វើការជាមួយរដ្ឋាភិបាលកេនយ៉ា ដើម្បីដោះស្រាយការជំទាស់៕






