ឆ្លើយតបលិខិតចំហលោក ហ្សេលេនស្គី វិមានក្រឹមឡាំងហៅឱ្យមកជួបលោក ពូទីន នៅទីក្រុងមូស្គូ ដើម្បីពិភាក្សាគ្នាពេលណាក៏បាន (Video inside)

05-06-2026 15:42

(មូស្គូ)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ វិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចធ្វើដំណើរមកទីក្រុងមូស្គូ នៅពេលណាក៏បានដែរ ប្រសិនបើរូបលោកចង់បើកកិច្ចចរចាជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងដូចខាងលើ ជាការឆ្លើយតបចំពោះលិខិតចំហរបស់លោក ហ្សេលេនស្គី ដែលបានស្នើចង់រៀបចំ ការជួបទល់មុខគ្នាផ្ទាល់ជាមួយលោក ពូទីន ដើម្បីពិភាក្សាអំពីការបិទបញ្ចប់សង្រ្គាម។ លោក ហ្សេលេនស្គី បាននិយាយថា វានឹងមិនត្រឹមត្រូវនោះទេ ក្នុងការបន្តរង់ចាំឱ្យសហរដ្ឋអាមេរិក បង្វែរការយកចិត្តទុកមកវិញ ចំពោះការបញ្ចប់សង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៉ី ខណៈដែលទីក្រុងវ៉ាស៉ីនតោន ឥឡូវកំពុងជាប់រវល់ក្នុងសង្រ្គាមរបស់ខ្លួនជាមួយអ៉ីរ៉ង់។

លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានស្នើផងដែរឱ្យកំណត់បរិច្ឆេទច្បាស់លាស់ សម្រាប់ជំនួបនោះ ហើយបាននិយាយថា អ៊ុយក្រែនត្រៀមជាស្រេច ដើម្បីអនុវត្តបទឈប់បាញ់ពេញលេញមួយ សម្រាប់រយៈពេលនៃការចរចាគ្នា។ លោក ហ្សេលេនស្គី បានកត់សម្គាល់ថា ប្រទេសស្វ៉ីស តួកគីយ៉េ និងបណ្តាប្រទេសអារ៉ាប់មួយចំនួន បានបង្ហាញពីការត្រៀមខ្លួន ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា។

ឆ្លើយតបទៅកាន់លោក ហ្សេលេនស្គី លោក Peskov បាននិយាយថា ដូចដែលលោក ពូទីន ធ្លាប់បានលើកឡើងកន្លងមក គឺប្រសិនបើលោក ហ្សេលេនស្គី ពិតជាចង់ជួបចរចាគ្នា លោកអាចធ្វើដំណើរមកមូស្គូ ដើម្បីធ្វើយ៉ាងដូច្នោះបាន។ យ៉ាងណាមិញ លោក ហ្សេលេនស្គី ធ្លាប់បានច្រានចោលម្តងហើយម្តងទៀត អំពីជម្រើសទីក្រុងមូស្គូជាកន្លែងសម្រាប់បើកកិច្ចចរចា។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ បាននិយាយថា លោកត្រេកអរអំពីលទ្ធភាពនៃការបើក​កិច្ចចរចាគ្នាផ្ទាល់រវាងលោក ហ្សេលេនស្គី និងលោក ពូទីន ហើយយល់ថាវាគឺជារឿងដ៏ប្រសើរមួយ បើមេដឹកនាំទាំងពីរពិតជាជួបគ្នាមែន។ លោក ត្រាំ បានបន្ថែមថា ភាគីទាំងពីរត្រូវតែធ្វើសម្បទានទៅវិញទៅមក ហើយបានអះអាងថា រូបលោកបានផ្តល់យោបល់អំពីសម្បទានទាំងនោះ ប៉ុន្តែលោកប្រធានាធិបតីអាមេរិក បដិសេធបង្ហើបឱ្យដឹងពីខ្លឹមសារលម្អិតជាងនេះទៀត៕