ជប៉ុនស្នើឱ្យបើកដំណើរការរោងចក្រនុយក្លេអ៊ែរឡើងវិញ ដើម្បីបំពេញតម្រូវការផ្នែកថាមពល

05-06-2026 16:19

(តូក្យូ)៖ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) បានលើកឡើងក្នុងផែនការគោលនយោបាយ ថាជប៉ុនចាំបាច់ត្រូវសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ចន្លោះពី ២ ទី៥ គ្រឿងនៅឆ្នាំ២០៤០ និងសាងសង់ឱ្យបាន ១១គ្រឿងទៅ ១៤គ្រឿងត្រឹមឆ្នាំ២០៥០ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦។

ផែនការនេះត្រូវបានដាក់ចេញ ក្នុងកិច្ចប្រជុំស្តីពីគោលនយោបាយនុយក្លេអ៊ែរ ដែលឆ្លុះបញ្ចាំងពីការប្តូរទៅរកការពឹងផ្អែកកាន់តែខ្លាំង លើថាមពលអាតូមិក ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើង និងកាត់បន្ថយការនាំចូលឥន្ធនៈដែលមានតម្លៃថ្លៃ។

METI បានឱ្យដឹងថា រ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ១៤ នឹងមានសមត្ថភាពផ្គត់ផ្គង់ថាមពលប្រហែល ១៦ជីហ្គាវ៉ាត់ (GW)។ ជប៉ុន បានបិទម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៥៤របស់ខ្លួន បន្ទាប់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima ឆ្នាំ២០១១ ដោយសារតែការភ័យខ្លាចអំពីស្តង់ដារសុវត្ថិភាព។ ក្នុងចំណោមនោះ ៣៣គ្រឿងអាចដំណើរការបាន តែ ១៥គ្រឿងត្រូវសាងសង់ឡើងវិញ។

កាលពីឆ្នាំមុន ទីក្រុងតូក្យូ បានកែប្រែគោលនយោបាយថាមពលមូលដ្ឋាន ដើម្បីបង្កើនការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ។ យ៉ាងនេះក្តី ម៉ាស៉ីនរ៉េអាក់ទ័រជាច្រើនដែលជិតដល់អាយុ ឬលើសពីអាយុកាលប្រតិបត្តិការ ៦០ឆ្នាំ បង្កើនការព្រួយបារម្ភអំពីការថយចុះសមត្ថភាពនុយក្លេអ៊ែរនាពេលអនាគត ទោះបីជាបើកដំណើរការឡើងវិញក៏ដោយ៕