កម្មវិធីផ្តល់អាហារឥតគិតថ្លៃរបស់ឥណ្ឌូណេស៉ី នឹងងាកមកផ្តោតលើគុណភាព ជំនួសឱ្យគោលដៅ ៨៣លាននាក់
05-06-2026 16:53
(ហ្សាការតា)៖ ទីភ្នាក់ងារឥណ្ឌូណេស៉ី ដែលទទួលបន្ទុកអនុវត្តគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី លោក Prabowo Subianto ដើម្បីផ្តល់អាហារឥតគិតថ្លៃដល់សិស្សានុសិស្ស បានឱ្យដឹងថា ខ្លួនលែងផ្តល់អាទិភាពដល់គោលដៅសម្រេចឱ្យបាននូវអ្នកទទួលផលចំនួន ៨២,៩លាននាក់ នៅឆ្នាំនេះហើយ ដោយប្តូរមកផ្តោតលើការកែលម្អគុណភាពនៃការអនុវត្តកម្មវិធីវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦។
លោកស្រី Nanik Sudaryati Deyang ប្រធានថ្មីនៃទីភ្នាក់ងារជាតិអាហាររូបត្ថម្ភ (National Nutrition Agency) បាននិយាយថា «វាអាចទៅរួច ដែលថាយើងនឹងមិនអាចឈានដល់គោលដៅជាង ៨២លាននាក់ ប៉ុន្តែជំនួសមកវិញយើងចង់ប្រែក្លាយទៅជាផ្ទះបាយសុវត្ថិភាព និងផ្តល់អាហារដែលមានជីវជាតិ»។ លោកស្រីបន្ថែមថា ទីភ្នាក់ងារក៏នឹងផ្តោតគោលដៅទៅលើកញ្ចប់ថវិកាផងដែរ ដោយកាត់បន្ថយការឧបត្ថម្ភ ហើយកំណត់អ្នកទទួលបាន ទៅកាន់តំបន់ដាច់ស្រយាលថែមទៀត។ ការផ្តោតថ្មីនេះគឺដើម្បីបំពេញតាមស្តង់ដារសុខភាព និងគុណភាពអាហារ។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកស្រី Nanik បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីអ្នកកាន់តំណែងមុននៃទីភ្នាក់ងារនេះ ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធការអនុវត្តគម្រោង៕







