UN បង្កើនទ្វេដងការអំពាវនាវរកថវិកាសម្រាប់ជំនួយលីបង់ ដល់ជិត៦៤០លានដុល្លារ ចំពោះមុខសង្រ្គាមអ៉ីស្រាអែល (Video inside)

05-06-2026 18:00

(ហ្សឺណែវ)៖ នាថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ អង្គការសហប្រជាជាតិ (UN) បានបង្កើនជាងទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់ ខណៈ UN និយាយថា ថវិកាសរុបជិត៦៤០លានដុល្លារ នឹងត្រូវការជាចាំបាច់សម្រាប់រយៈពេល៦ខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារមនុស្សធម៌ OCHA របស់ UN បានសង្កត់ធ្ងន់ថា វិបត្តិមនុស្សធម៌នៅលីបង់ កំពុងតែធ្ងន់ធ្ងរនិងកាន់តែដុនដាបខ្លាំងទៅៗ។ កាលពីខែមីនា OCHA បានអំពាវនាវរកថវិកា ៣០៨លានដុល្លារ ដើម្បីគាំទ្រការឆ្លើយតបបន្ទាន់ទ្រង់ទ្រាយធំ ដឹកនាំដោយរដ្ឋាភិបាលលីបង់ ដល់ចុងខែឧសភា។ នៅថ្ងៃសុក្រនេះ OCHA បាននិយាយថា ថវិកាចំនួន៣៣១លានដុល្លារទៀត នឹងត្រូវការជាចាំបាច់ សម្រាប់ដល់ចុងខែសីហា។

បើតាម OCHA គិតត្រឹមពេលឥឡូវ សម្រាប់ថវិកាអំពាវនាវដំបូង គឺទទួលបានតែ១៨៥លានដុល្លារប៉ុណ្ណោះ ហើយចំនួននោះ បានជួយដល់​ការផ្តល់ជំនួយទៅកាន់មនុស្សប្រហែល៦៨០ ០០០នាក់ កាលពីចន្លោះថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី៣១ ខែឧសភា។ គោលដៅនាពេលនេះ គឺបង្កើនតួលេខនោះទ្វេដង ដើម្បីផ្តល់ជំនួយឱ្យបានដល់មនុស្សទាំងអស់ ១,៤លាននាក់នៅលីបង់ ឬស្មើនឹង១ភាគ៤នៃចំនួនប្រជាជនសរុប ដែលត្រូវបានប៉ាន់ប្រមាណថា ត្រូវការជំនួយមនុស្ស។

គួរបញ្ជាក់ថា តាមការអះអាងរបស់លីបង់ ការវាយប្រហាររបស់អ៉ីស្រាអែល បានសម្លាប់មនុស្សសរុបជាង៣៥០០នាក់ហើយ ចាប់តាំងពី​ក្រុមហេសបូឡា បានអូសប្រទេសលីបង់ ឱ្យធ្លាក់ក្នុងភ្លើងជម្លោះនៅមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា។ មនុស្សជិត១លាននាក់ បានរត់ភៀសខ្លួនចេញពី​ផ្ទះសម្បែងរបស់ពួកគេ ខណៈ១,២លាននាក់ទៀត កំពុងប្រឈមបញ្ហាអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ៕