ឥណ្ឌាទទួលបានច្រកពាណិជ្ជកម្មថ្មីតាមរយៈកិច្ចព្រមព្រៀងជាមួយអូម៉ង់ ដើម្បីគេចពីការបិទខ្ទប់ច្រកសមុទ្រហ័រមូស (Video inside)

05-06-2026 21:43

(ញូវដេលី)៖ ឥណ្ឌា និងអូម៉ង់ បានពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន តាមរយៈនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែកបានចូលជាធរមានកាលពីដើមសប្តាហ៍នេះ។ ការណ៍នេះនឹងផ្តល់ឱ្យទីក្រុងញូវដេលីនូវច្រកដឹកជញ្ជូនជំនួសដ៏សំខាន់មួយ ដើម្បីបញ្ចៀសការរំខានចង្វាក់ផ្គត់ផ្គង់ដែលបង្កឡើងដោយការបិទច្រកសមុទ្រហ័រមូស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Arab News។

ក្រោមកិច្ចព្រមព្រៀងនេះ ទំនិញនាំចេញរបស់ឥណ្ឌាទៅអូម៉ង់ប្រមាណ ៩៩ភាគរយ នឹងត្រូវលើកលែងពន្ធគយ។ ការសម្រេចបានកិច្ចព្រមព្រៀងនេះ កើតឡើងចំពេលដែលការផ្គត់ផ្គង់ថាមពលពីមជ្ឈិមបូព៌ាកំពុងជាប់គាំង ដោយសារសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ អតីតឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអូម៉ង់ បានចាត់ទុកកិច្ចព្រមព្រៀងនេះថាជា «ការធានាសន្តិសុខសេដ្ឋកិច្ច» របស់ឥណ្ឌា ខណៈដែលបច្ចុប្បន្ន ឥណ្ឌាពឹងផ្អែកលើការនាំចូលប្រេងឆៅ ៣០% និងឧស្ម័ន LPG ៩០% តាមរយៈច្រកសមុទ្រហ័រមូស។

ក្រសួងពាណិជ្ជកម្មឥណ្ឌាបានបញ្ជាក់ថា ដោយសារទីតាំងភូមិសាស្ត្ររបស់អូម៉ង់ស្ថិតនៅក្រៅតំបន់ច្រកសមុទ្រហ័រមូស កំពង់ផែយុទ្ធសាស្ត្ររបស់អូម៉ង់ នឹងក្លាយជា «ច្រកពាណិជ្ជកម្មថ្មី» ដែលជួយសម្រួលដល់ការនាំចូលថាមពល និងជីកសិកម្មមកកាន់ឥណ្ឌា ព្រមទាំងជួយសម្រួលការនាំចេញទំនិញឥណ្ឌាទៅកាន់ទីផ្សារតំបន់ឈូងសមុទ្រ និងអាហ្វ្រិកខាងកើតផងដែរ ទោះបីជាជម្លោះនៅតែបន្តអូសបន្លាយក៏ដោយ។

គួរបញ្ជាក់ថា នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទីពីរហើយរបស់ឥណ្ឌាជាមួយប្រទេសនៅតំបន់ឈូងសមុទ្រ បន្ទាប់ពី UAE កាលពីឆ្នាំ២០២២ ខណៈអូម៉ង់គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់ឥណ្ឌាក្នុងតំបន់នេះ៕