ប្រធានាធិបតីលីបង់៖ អ៉ីរ៉ង់កំពុងប្រើប្រាស់លីបង់ជាឧបករណ៍តថ្លៃ ក្នុងកិច្ចចរចារបស់ខ្លួនជាមួយអាមេរិក (Video inside)

06-06-2026 10:05

(បេរូត)៖ ប្រធានាធិបតីលីបង់ លោក Joseph Aoun កាលពីថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ខណៈវាគឺជាការរិះគន់ដ៏ធ្ងន់មួយរបស់លោកចំពោះទីក្រុងតេហេរ៉ង់ ស្របពេលដែលសម្ព័ន្ធមិត្តអ៉ីរ៉ង់នៅលីបង់ គឺក្រុមសកម្មប្រយុទ្ធហេសបូឡា កំពុងស្ថិតក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក CNN លោក Aoun បាននិយាយថា ប្រជាជនលីបង់ជាអ្នកដែលកំពុងទទួលរងថ្មបាក់ ដើម្បីបម្រើដល់ផលប្រយោជន៍របស់អ៉ីរ៉ង់ ហើយពួកគេឆ្អែតចិត្តជាខ្លាំង ចំពោះសង្រ្គាមរវាងហេសបូឡានិងអ៉ីស្រាអែល។ លោក Aoun បន្តថា «ពួកគេកំពុងប្រើប្រាស់លីបង់ជាឧបករណ៍តថ្លៃ នៅក្នុងកិច្ចចរចារបស់ពួកគេជាមួយអាមេរិក ដែលជារឿងមិនអាចទទួលយកបាន»។

ក្រុមហេសបូឡា បានអូសលីបង់ឱ្យធ្លាក់ក្នុងភ្លើងជម្លោះជាថ្មី កាលពីជាង៣ឆ្នាំមុន នៅពេលដែលខ្លួនសម្រេចបើកការវាយប្រហារលើអ៉ីស្រាអែល ដើម្បីបង្ហាញការគាំទ្រដល់ទីក្រុងតេហេរ៉ង់ បន្ទាប់ពីអ៉ីរ៉ង់បានរងការវាយប្រហាររួមគ្នារបស់អាមេរិកនិងអ៉ីស្រាអែល។ លោក Aoun បានព្យាយាម​ស្វែងរកការរំសាយអាវុធក្រុមហេសបូឡាដោយសន្តិវិធី ចាប់តាំងពីក្លាយជាប្រមុខរដ្ឋកាលពីឆ្នាំមុន។ អំឡុងពេលដំបូងក្រោយសង្គាមផ្ទុះឡើង លោកបានអំពាវនាវរកការពិភាក្សាទល់មុខគ្នាជាមួយអ៉ីស្រាអែល ដែលធ្វើឱ្យរូបលោកកាន់តែមិនត្រូវគ្នាជាមួយហេសបូឡា។

គួរ​បញ្ជាក់ថា អ៉ីរ៉ង់បានដាក់បទឈប់បាញ់នៅលីបង់ ជាលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពណាមួយ ជាមួយទីក្រុងវ៉ាស៉ីនតោន ក្នុងជម្លោះធំក្នុងតំបន់ ដែលបានចាប់ផ្តើមនៅពេលអាមេរិកនិងអ៉ីស្រាអែលរួមដៃគ្នា វាយប្រហារទីក្រុងតេហេរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហេសបូឡាបានច្រានចោលផែនការបទឈប់បាញ់មួយ ដែលព្រមព្រៀងគ្នាដោយមន្រ្តីរដ្ឋាភិបាលលីបង់​និងអ៉ីស្រាអែល ក្នុងកិច្ចពិភាក្សាសម្របសម្រួលដោយអាមេរិក នៅទីក្រុងវ៉ាស៉ីនតោន។ កិច្ចព្រមព្រៀងនោះ នឹងអាស្រ័យលើហេសបូឡាបញ្ឈប់​ការវាយប្រហារមុន ហើយដកអ្នកប្រយុទ្ធរបស់ខ្លួនចេញពីភាគខាងត្បូងលីបង់៕