លោក ពូទីន ថានាពេលនេះលោកមិនឃើញមានហេតុផលអ្វី ដែលត្រូវជួបលោក ហ្សេលេនស្គី ទេ (Video inside)
06-06-2026 10:55
(មូស្គូ)៖ កាលពីថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបដិសេធលទ្ធភាពនៃការជួបសមភាគីអ៊ុយក្រែន ក្នុងពេលឆាប់ៗ មួយថ្ងៃបន្ទាប់ពីលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវរកការជួបមុខគ្នាផ្ទាល់រវាងមេដឹកនាំទាំងពីរ ដើម្បីពិភាក្សាការបិទបញ្ចប់សង្រ្គាម ដែលអូសបន្លាយជាង៤ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ថ្លែងអំឡុងវេទិកាសេដ្ឋកិច្ចនៅទីក្រុង Saint Petersburg លោក ពូទីន បានលើកឡើងថា លោកមើលមិនឃើញហេតុផលដែលត្រូវជួបលោក ហ្សេលេនស្គី ក្នុងពេលនេះទេ រហូតទាល់តែលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពមួយដែលអាចទៅរួច ត្រូវបានឯកភាព។ លោកប្រធានាធិបតីរុស្ស៉ី ក៏បានប្តេជ្ញាផងដែរថា នឹងបន្តប្រតិបត្តិការវាយលុករបស់យោធារុស្ស៉ី រហូតដល់សម្រេចគោលដៅសង្រ្គាមទាំងស្រុង។
គួរបញ្ជាក់ថា លោក ពូទីន បានថ្លែងដូចខាងលើក្រោយលោក ហ្សេលេនស្គី ក្នុងលំខិតចំហមួយផ្ញើទៅកាន់លោក ពូទីន ដោយផ្ទាល់កាលពីថ្ងៃព្រហស្បតិ៍ បានស្នើបិទបញ្ចប់សង្រ្គាម តាមរយៈការជួបចរចាគ្នាផ្ទាល់រវាងមេដឹកនាំទាំងពីរ។ ការស្នើជួបគ្នារបស់លោកប្រធានាធិបតីអ៊ុយក្រែន គឺបន្ទាប់ពីកិច្ចពិភាក្សាសន្តិភាពសម្រុះសម្រួលដោយសហរដ្ឋអាមេរិក នៅតែមិនអាចនាំភាគីទាំងពីរខិតជិតកិច្ចព្រមព្រៀង ជាពិសេសចំពេលដែលឥឡូវទីក្រុងវ៉ាស៉ីនតោន កំពុងជាប់រវាល់រឿងសង្រ្គាមរបស់ខ្លួនផ្ទាល់ ជាមួយនឹងអ៉ីរ៉ង់៕




