លោក ហ្សេលេនស្គី ថាលោក ពូទីន នៅតែបន្តជ្រើសរើសយកសង្រ្គាម ក្រោយបដិសេធការបបួលជួបមុខគ្នាផ្ទាល់ (Video inside)

06-06-2026 12:22

(កៀវ)៖ កាលពីថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ។ នេះប​ើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

បន្ទាប់ពីលោក ពូទីន បានឆ្លើយតបថាលោកមើលមិនឃើញហេតុផល ដែលត្រូវជួបលោក ហ្សេលេនស្គី នាពេលនេះ ហើយថាជម្លោះនឹងបញ្ចប់ លុះត្រាតែនៅពេលគោលដៅទាំងអស់របស់រុស្ស៉ីត្រូវបានបំពេញ លោកប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា «គួរឱ្យសោកស្តាយ ភាគីរុស្ស៉ីកំពុងជ្រើសរើសយកសង្រ្គាមជាថ្មីម្តងទៀត។ គ្រប់គ្នាបានលឺហើយនូវការឆ្លើយតបនាថ្ងៃនេះ។ វាជាការឆ្លើយតបយ៉ាងអន់មួយ។ និយាយរួមទៅ គឺលោក ពូទីន មិនចង់បញ្ចប់សង្រ្គាមសោះតែម្តង»។

គួរបញ្ជាក់ថា ក្នុងលិខិតចំហមួយផ្ញើទៅកាន់លោក ពូទីន ផ្ទាល់កាលពីថ្ងៃព្រហស្បតិ៍ លោក ហ្សេលេនស្គី បានស្នើចង់ឱ្យមេដឹកនាំទាំងពីរ ជួបមុខចរចាគ្នាដោយផ្ទាល់ ដើម្បីពិភាក្សាអំពីការបិទបញ្ចប់សង្រ្គាម ដែលអូសបន្លាយជាង៤ឆ្នាំមកហើយ។ លោក ហ្សេលេនស្គី បានស្នើឱ្យកំណត់កាលបរិច្ឆេទជាក់លាក់មួយ សម្រាប់ជំនួបនោះ ហើយថាប្រទេសមួយចំនួន បានបង្ហាញការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ។

សំណើរបស់លោក ហ្សេលេនស្គី ទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តសំខាន់ៗ រួមមានទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានាធីបតីបារាំង លោក Emmanuel Macron។ លោក ហ្សេលេនស្គី នឹងត្រូវជួបលោក Macron ព្រមទាំងនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅទីក្រុងឡុងដ៍នាថ្ងៃអាទិត្យនេះ ដើម្បីព្យាយាមចាក់បញ្ចូល​សន្ទុះថ្មីទៅក្នុងកិច្ចប្រឹងប្រែង​បញ្ចប់សង្រ្គាម៕