ទាហានអ៉ីស្រាអែល បាញ់សម្លាប់ទារកប៉ាឡេស្ទីនអាយុ ៧ខែ ក្នុងតំបន់ West Bank

06-06-2026 20:09

(Reuters)៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ និងបានធ្វើឱ្យឪពុកម្ដាយទារករូបនេះរងរបួស នៅក្នុងតំបន់ Tel Rumeida នៃទីក្រុង​ Hebron ស្ថិតនៅភាគខាងត្បូងតំបន់ West ​Bank កាលពីល្ងាចថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ទារកខាងលើមានឈ្មោះថា Sam Fahd Abu Haikal និងបានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈឪពុកម្ដាយ បានរងរបួសដោយសារគ្រាប់កាំភ្លើង តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ។ ជីដូនរបស់ទារកដដែលបាននិយាយថាក្រុមគ្រួសាររបស់គាត់បានធ្វើដំណើរនៅក្បែរ ប៉ុស្តិ៍ត្រួតពិនិត្យលេខ ១៧ នៅពេលដែលពួកគេបានឃើញយានយន្ដយោធាអ៉ីស្រាអែល និងទាហានពីចម្ងាយ ហើយបានឃាត់រថយន្ដរបស់ពួកគេ។

ជីដូនរូបនេះបន្ថែមថានៅពេលនោះស្រាប់តែកងកម្លាំងអ៉ីស្រាអែលបាញ់ប្រហារតម្រង់មករកពួកគេ ដែលដំបូងឡើយពួកគេស្មានថាជាការបាញ់ព្រមានប៉ុណ្ណោះ។

គួរបញ្ជាក់ថា ខាងយោធាអ៉ីស្រាអែល បានអះអាងថាអំឡុងធ្វើប្រតិបត្តិការក្នុងទីក្រុង Hebron កាលពីថ្ងៃសុក្រ ទាហានបានប្រទះឃើញថាមានរថយន្ដមួយគ្រឿង បានបើកយ៉ាងលឿនសំដៅមករកពួកគេ ហើយទាហានម្នាក់បានបាញ់មួយគ្រាប់តម្រង់ទៅរករថយន្ត។ តាមយោធាអ៉ីស្រាអែល ជនជាតិប៉ាឡេស្ទីន ៣នាក់បានរងរបួស និងត្រូវបានជម្លៀសសម្រាប់ការព្យាបាល៕