លោក ត្រាំ ថាអ៉ីរ៉ង់នៅសល់គ្រាប់មីស៊ីលប្រហែល ២២ភាគរយ
06-06-2026 22:07
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់នៅទូទាំងតំបន់ អំឡុងរយៈពេលមួយសប្ដាហ៍នៃការរំលោភបំពានបទឈប់បាញ់ដែលមាន ភាពផុយស្រួយស្រាប់ម្ដងហើយម្ដងទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន NBC News លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ពួកគេ (អ៉ីរ៉ង់) នៅមានសមត្ថភាព។ ពួកគេមានមីស៊ីលមួយចំនួន ពួកគេមានដ្រូនមួយចំនួន។ ខ្ញុំអាចនិយាយបានពួកគេនៅសល់មីស៊ីលប្រហែលជា ២១ ទៅ ២២ភាគរយ»។ ការវាយតម្លៃនេះគឺផ្ទុយពីការវាយតម្លៃរបស់លោក ត្រាំ កាលពីខែឧសភាកន្លងទៅដែលថាអ៉ីរ៉ង់នៅសល់មីស៊ីលប្រហែល ១៨ភាគរយប៉ុណ្ណោះ។ លោក ត្រាំ តែងតែអះអាងជាញឹកញាប់ថាសហរដ្ឋអាមេរិកបានកម្ទេច សមត្ថភាពធ្វើសង្រ្គាមរបស់អ៉ីរ៉ង់ទាំងស្រុង។
គួរបញ្ជាក់ថា យោធាអ៉ីរ៉ង់កាលពីថ្ងៃសុក្រ បាននិយាយថាខ្លួនបានបាញ់មីស៊ីលជាច្រើនគ្រាប់ព្រមានទៅកាន់នាវាពិឃាតអាមេរិកក្នុងតំបន់ឈូងសមុទ្រអូម៉ង់ តែយោធាអាមេរិកបានច្រានចោលការអះអាងបែបនេះ។ កាលពី២ថ្ងៃមុន កូវ៉ែតបានឱ្យដឹងថាខ្លួនបានស្ទាក់ចាប់មីស៊ីលបាលិស្ទីគ ៣០គ្រាប់ ដែលត្រូវបានបាញ់ ដោយអ៉ីរ៉ង់៕





