សហរដ្ឋអាមេរិក ពិចារណាបង្វែរទ្រព្យសម្បត្តិអ៉ីរ៉ង់ទៅឱ្យរដ្ឋឈូងសមុទ្រ សម្រាប់ជួសជុលការខូចខាត

07-06-2026 15:50

(វ៉ាស៉ីនតោន)៖ រដ្ឋាភិបាលអាមេរិក កំពុងពិចារណាបង្វែរទ្រព្យសម្បត្តិរបស់អ៉ីរ់ង់ទៅកាន់បណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ សម្រាប់ការកសាងឡើងវិញ និងជួសជុលការខូចខាតដែលបង្កឡើងដោយអ៉ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់បានវាយប្រហារសងសឹកទៅលេីប្រទេសកូវ៉ែត និងបារ៉ែនជាមួយការបាញ់ដ្រូនបន្ថែមទៀតនាពេលថ្មីៗ។ នេះបេីយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមប្រភពដែលដឹងអំពីបញ្ហានេះ រដ្ឋមន្ត្រីហិរញ្ញវត្ងុអាមេរិក លោក Scott Bessent បានដឹកនាំក្រុមការងារមួយឱ្យវាយតម្លៃលើការចំណាយថ្លៃខូចខាតដែលកេីតឡើងរួចហើយលើសម្ព័ន្ធមិត្តឈូងសមុទ្រ ដោយបន្ថែមថា សហរដ្ឋអាមេរិកក៏នឹងពិចារណាប្រើប្រាស់ទ្រព្យសម្បត្តិរបស់អ៉ីរ៉ង់សម្រាប់ការជួសជុលការបំផ្លិចបំផ្លាញណាមួយនាពេលអនាគតផងដែរ។

ប្រភពដដែលនេះ មិនបានបញ្ជាក់ទេថាតើទ្រព្យសម្បត្តិប្រភេទណាដែលក្រសួងកំពុងពិនិត្យ ហេីយក៏មិនបានបញ្ជាក់ដែរថាជាទ្រព្យសម្បត្តិដែលបានបង្កករួចនោះដែរ។ ការបន្តគំរាមកំហែងដោយមិនចំពោះលេីទ្រព្យសម្បត្តិអ៉ីរ៉ង់ អាចបង្កើតការខឹងសម្បារថ្មីចំពោះបទឈប់បាញ់ដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដែលត្រូវបានធ្វេីតេស្តម្តងទៀតនាចុងសប្តាហ៍នេះ ជាមួយនិងការវាយប្រហារដាក់គ្នាថ្មី។

វាកើតឡើងមួយថ្ងៃបន្ទាប់ពី លោក Mohsen Rezaei ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៉ីរ៉ង់ ប្រាប់សារព័ត៌មាន CNN ថាកិច្ចព្រមព្រៀងសន្តិភាពដែលនឹងបញ្ចប់សង្រ្គាមទាំងស្រុង គឺខ្ទាស់នៅត្រង់ចំណុចបញ្ចេញទ្រព្យសម្បត្តិ ២៤ពាន់លានដុល្លារដែលអាមេរិកបានបង្កក​ មកឱ្យអ៉ីរ៉ង់វិញ៕