រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថានជួបប្រមុខការទូតអ៊ីរ៉ង់ ដើម្បីជំរុញការសម្របសម្រួលសន្តិភាពជាមួយអាមេរិក
07-06-2026 19:10
(អ៊ីស្លាម៉ាបាដ)៖ រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក ម៉ូហ្ស៊ីន ណាកវី (Mohsin Naqvi) នៅថ្ងៃអាទិត្យ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយីដ អាប់បាស អារ៉ាក់ជី (Seyed Abbas Araghchi) នៅក្នុងទីក្រុងតេហេរ៉ង់ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលសន្តិភាព ខណៈភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ កំពុងកើនឡើងខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Arab News។
លោក ណាកវី បានប្រាប់អ្នកសារព័ត៌មានថា ដំណើរទស្សនកិច្ចរបស់លោកគឺដើម្បីពាំនាំ «លិខិតពិសេស» ពីអគ្គមេបញ្ជាការកងទ័ពប៉ាគីស្ថាន និងសារពីនាយករដ្ឋមន្ត្រី ផ្ញើជូនមេដឹកនាំកំពូលអ៊ីរ៉ង់ជុំវិញស្ថានការណ៍បច្ចុប្បន្ន។ ដំណើរទស្សនកិច្ចនេះកើតឡើងចំពេលដែលបទឈប់បាញ់ដ៏ផុយស្រួយកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ កាលពីថ្ងៃសៅរ៍ អ៊ីរ៉ង់បានវាយប្រហារលើមូលដ្ឋានយោធាអាមេរិកនៅគូវ៉ែត និងបារ៉ែន ខណៈយោធាអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ និងវាយប្រហារកម្ទេចស្ថានីយរ៉ាដាតាមឆ្នេរសមុទ្ររបស់អ៊ីរ៉ង់វិញ។
គួរបញ្ជាក់ថា ប៉ាគីស្ថានបានដើរតួនាទីជាអ្នកសម្របសម្រួលយ៉ាងសកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែកុម្ភៈ។ ទីក្រុងអ៊ីស្លាម៉ាបាដ ធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាជុំទី១ ផងដែរ ទោះបីជាពេលនោះមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀងជាស្ថាពរក៏ដោយ៕




