លោក ដូណាល់ ត្រាំ បញ្ជាក់ថានឹងមិនដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់មុនមានកិច្ចព្រមព្រៀងសន្តិភាពឡើយ

07-06-2026 22:54

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ បានប្រកាសថា លោកនឹងមិនដោះលែងទ្រព្យសម្បត្តិដែលជាប់បង្កក ឬលើកលែងទណ្ឌកម្មណាមួយដល់ប្រទេសអ៊ីរ៉ង់ឡើយ រហូតទាល់តែប្រទេសទាំងពីរសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពជាមុនសិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី "Meet the Press" របស់ទូរទស្សន៍ NBC លោក ត្រាំ បានសង្កត់ធ្ងន់ថា វិធានការបន្ធូរបន្ថយសេដ្ឋកិច្ចនឹងកើតឡើង «បន្ទាប់ពី» កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាប៉ុណ្ណោះ ប្រសិនបើអ៊ីរ៉ង់គោរពតាមការព្រមព្រៀង។ លោកបានសង្កត់ធ្ងន់ក្នុងន័យគំរាមកំហែងថា «យើងខិតជិតដល់កិច្ចព្រមព្រៀងហើយ បើមិនដូច្នោះទេ ខ្ញុំនឹងវាយប្រហារពួកគេឱ្យខ្ទេចខ្ទីតែម្តង»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិករូបនេះក៏បានបង្ហាញឆន្ទៈក្នុងការពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា ម៉ូចតាបា ខាមេណៃ (Ayatollah Mojtaba Khamenei) ដែលមិនធ្លាប់បង្ហាញខ្លួនជាសាធារណៈសោះ ចាប់តាំងពីរងរបួសក្នុងការវាយប្រហាររបស់អាមេរិកកាលពីដើមដំបូងនៃជម្លោះ។ លោក ត្រាំ បានបង្ហើបថា លោកមានលទ្ធភាពខ្ពស់ក្នុងការដឹងពីកន្លែងដែលមេដឹកនាំរូបនេះកំពុងលាក់ខ្លួន៕