Axios៖ លោក ត្រាំ ថានឹងប្រាប់លោក ណេតាន់យ៉ាហ៊ូ កុំឱ្យសងសឹក បន្ទាប់ពីអ៉ីរ៉ង់បាញ់មីស៉ីលលើអ៉ីស្រាអែល (Video inside)

08-06-2026 08:46

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងប្រាប់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល បេនចា​មីន ណេតាន់យ៉ាហ៊ូ ថាកុំឱ្យវាយប្រហារតបទៅវិញ ក្រោយអ៉ីរ៉ង់បាញ់មីស៉ីលលើគោលដៅអ៉ីស្រាអែល ជាការសងសឹកចំពោះអ៉ីស្រាអែល ដែលបានវាយប្រហារជាយក្រុងបេរូត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Axios នាថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦។

លោក ត្រាំ ប្រាប់ Axios ថាលោកនឹងដាក់សម្ពាធលើលោក ណេតាន់យ៉ាហ៊ូ កុំឱ្យសងសឹក ដោយគូសបញ្ជាក់ថា «អ៉ីស្រាអែលបានធ្វើសកម្មភាពវាយប្រហារ ហើយអ៉ីរ៉ង់ក៏បានវាយប្រហារ យើងមិនត្រូវការវាទៀតទេ»។ លោក ត្រាំបន្ថែមថា «យើងទៅកាន់តែជិតដល់កិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់។ ខ្ញុំមិនចង់ឱ្យវាត្រូវបំផ្លាញ ព្រោះតែអ្វីដែលកំពុងកើតឡើងនេះទេ»

តាមមន្ត្រីអ៉ីស្រាអែលម្នាក់ លោក ត្រាំ ដែលកំពុងចំណាយពេលចុងសប្តាហ៍ នៅក្លឹបវាយកូនហ្គោលរបស់លោក ក្នុងរដ្ឋ New Jersey និងលោក ណេតាន់យ៉ាហ៊ូ បាននិយាយទូរស័ព្ទជាមួយគ្នា ប្រហែលកន្លះម៉ោង ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ ភ្លាមៗសេតវិមាន និងការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល មិនទាន់ឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនៅឡើយទេ៕