អ៉ីរ៉ង់ ទាត់ចោលគំនិតប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួន ទៅទូទាត់ការខូចខាតឱ្យរដ្ឋឈូងសមុទ្រ
08-06-2026 10:16
(តេហេរ៉ង់)៖ អនុរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Kazem Gharibabadi និយាយថា បណ្តារដ្ឋាភិបាលក្នុងតំបន់ គ្មានអ្វីត្រូវទាមទារឱ្យសងការខូចខាតទេ ឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ដែលថាសហរដ្ឋអាមេរិក ចង់ប្រើប្រាស់ទ្រព្យសម្បត្តិអ៉ីរ៉ង់ទៅផ្តល់សំណងដល់សម្ព័ន្ធមិត្ត សម្រាប់ការខូចខាតពាក់ព័ន្ធនិងសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦។
តាមប្រភពដែល Reuters ទទួលបាន សហរដ្ឋអាមេរិកកំពុងពិចារណាយកទ្រព្យសម្បត្តិអ៉ីរ៉ង់ ទៅផ្តល់ឱ្យសម្ព័ន្ធមិត្តក្នុងតំបន់ឈូងសមុទ្រ ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងសម្រាប់ជួសជុលការខូចខាតបង្កឡើងដោយអ៉ីរ៉ង់ នាពេលអនាគត។
នៅលើបណ្តាញសង្គម X លោក Gharibabadi គូសបញ្ជាក់ថា «ទ្រព្យសម្បត្តិអ៉ីរ៉ង់ មិនមែនជាទ្រព្យសង្គ្រាមសម្រាប់ទីក្រុងវ៉ាស៉ីនតោន ហើយក៏មិនមែនជាមូលនិធិសម្រាប់អាមេរិក យកទៅទូទាត់ឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនដែរ»។ លោក Gharibabadi ថាការរឹបអូស ផ្ទេរ ឬបែងចែកទ្រព្យសម្បត្តិ ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលអ៉ីរ៉ង់ នឹងបង្កើតបានជាទង្វើខុសច្បាប់អន្តរជាតិថ្មីមួយ ដែលនាំឱ្យសហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវ។
គួរបញ្ជាក់ថា ជម្លោះនៅមជ្ឈិមបូព៌ាអាចធ្វើឱ្យតំបន់ ខាតបង់រហូតដល់ ៥៨ពាន់លានដុល្លារ ដោយគ្រាន់តែការជួសជុលលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ នេះបើតាមការឱ្យដឹងពីក្រុមហ៊ុនស្រាវជ្រាវ Rystad Energy កាលពីខែមេសា៕




