អ៉ីស្រាអែលបើកការវាយប្រហារថ្មីលើប្រទេសអ៉ីរ៉ង់ ក្រោយអ៉ីរ៉ង់បាញ់មីស៉ីល (Video inside)
08-06-2026 10:53
(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែលបានឱ្យដឹងថា នៅថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ខ្លួនបានវាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់ បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រូវបានរាយការណ៍ថា ប្រាប់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu កុំឱ្យវាយប្រហារសងសឹកអ៉ីរ៉ង់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ អ៉ីរ៉ង់បានបាញ់មីស៉ីលដាក់គោលដៅនៅអ៉ីស្រាអែល បន្ទាប់ពីក្នុងថ្ងៃដដែលនោះ អ៉ីស្រាអែលបានបើកការវាយប្រហារលើតំបន់ជាយរដ្ឋធានីបេរូតរបស់ប្រទេសលីបង់ជាលើកដំបូង ចាប់តាំងពីសហរដ្ឋអាមេរិក បានប្រកាសផែនការឈប់បាញ់សម្រាប់លីបង់ កាលពីសប្តាហ៍មុន។
ភ្លាមៗ លោក ត្រាំ បានអះអាងថា ការវាយប្រហាររបស់អ៉ីស្រាអែលនៅជាយទីក្រុងបេរូត និងការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែល គឺនឹងមិនប៉ះពាល់ចំពោះកិច្ចប្រឹងប្រែងចរចា ដើម្បីបញ្ចប់សង្រ្គាមជារួមនៅមជ្ឈិមបូព៌ានោះទេ ហើយលោកប្រធានាធិបតីអាមេរិក ត្រូវបានរាយការណ៍ថាប្រាប់លោក Netanyahu កុំឱ្យបើកការវាយប្រហារថ្មីទៀត ជាពិសេសការសឹងសឹកអ៉ីរ៉ង់ ដែលបានបាញ់មីស៉ីលលើអ៉ីស្រាអែល។
ទោះជាបែបនេះក៏ដោយ ត្រឹមតែប៉ុន្មានម៉ោងក្រោយការអះអាងរបស់លោក ត្រាំ យោធាអ៉ីស្រាអែល បានប្រកាសថា នៅថ្ងៃចន្ទនេះ កងកម្លាំងរបស់ខ្លួន បានវាយប្រហារគោលដៅយោធារបស់អ៉ីរ៉ង់ ខណៈអ៉ីរ៉ង់បានរាយការណ៍ពីស្នូរផ្ទុះនៅទីក្រុងមួយចំនួន រួមទាំងរដ្ឋធានីតេហេរ៉ង់។
គួរបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមនៃកិច្ចចរចាអាមេរិក-អ៉ីរ៉ង់ ដែលមានគោលដៅបិទបញ្ចប់សង្រ្គាម ដែលបានឆេះរាលដាលនៅមជ្ឈិមបូព៌ា អ៉ីស្រាអែលនៅតែបន្តការវាយប្រហាររបស់ខ្លួននៅប្រទេសលីបង់ ក្នុងជម្លោះជាមួយក្រុមហេសបូឡា ដែលក្រុមមន្រ្តីអ៉ីស្រាអែលប្រកាន់ជំហរថា ជាបញ្ហាដាច់ដោយឡែកពីបទឈប់បាញ់ជាមួយអ៉ីរ៉ង់។
ក៏ប៉ុន្តែទីក្រុងតេហេរ៉ង់ តាំងពីដំបូងបាននិយាយថា ផែនការសន្តិភាពណាមួយជាមួយសហរដ្ឋអាមេរិក នឹងអាស្រ័យលើបទឈប់បាញ់នៅលីបង់ដែរ ដែលបានរងការឈ្លានពានពីអ៉ីស្រាអែល កាលពីដើមខែមីនា។ លីបង់ត្រូវបានអូសឱ្យធ្លាក់ក្នុងភ្លើងជម្លោះ នៅពេលក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់ បានបាញ់រ៉ុក្កែតនិងដ្រូនលើអ៉ីស្រាអែល ដើម្បីបង្ហាញសាមគ្គីភាពជាមួយទីក្រុងតេហេរ៉ង់ ដែលបានរងការវាយប្រហាររួមគ្នាពីអាមេរិកនិងអ៉ីស្រាអែល។ មួយរយៈចុងក្រោយនេះ ក៏មានការប៉ះទង្គិចគ្នាឡើងវិញមួយចំនួនរវាងអ៉ីរ៉ង់និងអាមេរិកផងដែរ ស្របពេលដែលកិច្ចចរចាសន្តិភាព នៅតែមិនទាន់សម្រេចបានលទ្ធផល៕







