UPDATE: គ្រោះរញ្ជួយដីកម្រិតធ្ងន់នៅហ្វីលីពីន ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ (Video inside)

08-06-2026 14:03

(ម៉ានីល)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសហ្វីលីពីន បានឱ្យដឹងថា ហេតុការណ៍គ្រោះរញ្ជួយដីកម្រិ៧,៨រ៉ិចទ័រ នៅភាគខាងត្បូង បានផ្តាច់ជីវិតមនុស្សសរុបយ៉ាងហោច១៥នាក់ ហើយ១២៩នាក់ផ្សេងទៀត បានទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នាថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦។

រញ្ជួយដីខាងលើបានកើតឡើងនៅជម្រៅ១០គីឡូម៉ែត្រ កៀកនឹងកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ហើយបណ្តាលឱ្យអគារជាច្រើនខ្នងបាក់ស្រុត និងបង្កការព្រមានអំពីរលកស៊ូណាមិញនៅទូទាំងតំបន់។ ក្រោយរញ្ជួយដីកម្រិត៧,៨រ៉ិចទ័រដំបូងនោះ ក៏មានការញ័ររញ្ជួយមួយចំនួនទៀត នៅម្តុំចំណុចដដែលផងដែរ ក្នុងនោះរំញ័រធំជាងគេ គឺកម្រិត៦,៥រ៉ិចទ័រ។ វីដេអូបង្ហាញពីទិដ្ឋភាពអគារដួលរលំ ក៏ដូចជាមនុស្សម្នាភ័យស្លន់ស្លោ ដោយសារតែហេតុការណ៍រញ្ជួយដីនេះ ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម។

គួរបញ្ជាក់ថា​ ភាគខាងកើតកោះ Mindanao កាលពីខែតុលា ឆ្នាំ២០២៥ ធ្លាប់បានរងគ្រោះរញ្ជួយដី២ផ្ទួនគ្នា គឺកម្រិត៧,៤រ៉ិចទ័រ និង៦,៧រ៉ិចទ័រ ដែលបានសម្លាប់មនុស្សយ៉ាងហោច៨នាក់។ ហេតុការណ៍នោះទៀតសោត គឺកើតឡើងក្រោយរញ្ជួយដីមួយផ្សេងទៀត កម្រិត៦,៩រ៉ិចទ័រ នៅប៉ុន្មានថ្ងៃមុននោះ ដែលបានផ្តាច់ជីវិតមនុស្ស៧៦នាក់ ហើយបង្កការខូចខាត ឬបំផ្លាញលំនៅដ្ឋានប្រមាណ ៧២ ០០០ខ្នងនៅខេត្ត Cebu ភាគកណ្តាលប្រទេសហ្វីលីពីន៕