សម្ព័ន្ធមិត្តអ៉ីរ៉ង់ក្រុម Houthi នៅយេម៉ែន បាញ់មីស៉ីល និងហាមមិនឱ្យអ៉ីស្រាអែល ឆ្លងកាត់សមុទ្រក្រហម (Video inside)
08-06-2026 15:56
(សាណា)៖ នាថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រុម Houthi គាំទ្រដោយអ៉ីរ៉ង់ មានមូលដ្ឋាននៅក្នុងប្រទេសយេម៉ែន បានបាញ់មីស៉ីលមួយគ្រាប់លើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម (Red Sea) ដែលបង្កឱ្យមានក្តីបារម្ភពីការរំខានថ្មី ចំពោះផ្លូវទឹកដ៏មានសារៈសំខាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន កងកម្លាំង Houthi និយាយថា «យើងសូមហាមប្រាមទាំងស្រុង ចំពោះការចូលមកផ្លូវសមុទ្រដោយអ៉ីស្រាអែល នៅក្នុងសមុទ្រក្រហម»។ សេចក្តីប្រកាសនេះ ក៏បានបញ្ជាក់ផងដែរ ពីការវាយប្រហារដោយមីស៉ីលលើកដំបូងទៅលើអ៉ីស្រាអែល គិតចាប់តាំងពីដើមខែមេសា។
ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីអ៉ីរ៉ង់បាញ់មីស៉ីល ដើម្បីសងសឹកចំពោះអ៉ីស្រាអែល ដែលបានវាយប្រហារជាយក្រុងបេរូត កាលពីថ្ងៃអាទិត្យ ហើយយោធាអ៉ីស្រាអែល ឆ្លើយតបវិញលើគោលដៅ ក្នុងតំបន់ភាគខាងលិច និងភាគកណ្តាលប្រទេសអ៉ីរ៉ង់៕







